ស្ពានបេតុងថ្មី ៩កន្លែង ក្នុងស្រុកស្រីសន្ធរ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមអធិបតីឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ។
នៅក្នុងនោះ ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងថា «ផ្លូវ ត្រូវបានចាត់ទុកថាជាសរសៃឈាមសេ្ឋកិច្ចយ៉ាងសំខាន់បំផុត ហើយក៏ជាកាតាលីករនៃជីវភាព និងសេដ្ឋកិច្ចជាតិយ៉ាងសំខាន់»។ ដោយឯកឧត្តម បានលើកឡើងថា ដូចជាការសាងសង់នូវស្ពានទាំង៩កន្លែង នៅស្រុកស្រីសន្ធរនេះ គឺស្មើនឹងការតភ្ជាប់សរសៃឈាមសេដ្ឋកិច្ចជាតិ តភ្ជាប់ពីតំបន់មួយទៅតំបន់មួយ ដើម្បីបម្រើដល់ចរន្តនៃចលនាអភិវឌ្ឍជាតិ និងប្រជាជន»។
ជាមួយគ្នានោះ ឯកឧត្តម បានគូសបញ្ជាក់ថា «មានផ្លូវ មានស្ពាន មានសង្ឃឹម” គឺជាទិសស្លោកមួយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញជាគោលនយោបាយអាទិភាពមួយ ក្នុងចំណោមអាទិភាពទាំង ៤ រួមមាន ទឹក ផ្លូវ ភ្លើង និងមនុស្ស។
ឯកឧត្តម មានប្រសាសន៍បន្តថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យវែងឆ្ងាយ ក្នុងការតភ្ជាប់រាជធានី-ខេត្ត ឱ្យរួមគ្នាតែមួយ ហើយធ្វើដំណើរវិលជុំដោយមិនបាច់បកក្រោយ ពិសេសជាយន្តការនៃភ្ជាប់សកម្មភាពពាណិជ្ជកម្ម ទេសចរណ៍ និងការដឹកជញ្ជូនកសិផលប្រកបដោយប្រសិទ្ធភាព និងចំណាយតិច បម្រើឱ្យការពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជាផង ការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ និងការរួមចំណែកដល់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព និងបរិយាបន្នសម្រាប់ប្រជាជនគ្រប់រូប សំដៅឈានទៅសម្រេចចក្ខុវិស័យក្នុងការប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។
គួរឱ្យដឹងផងដែរថា ការទទួលបានស្ពានបេតុងថ្មី៩ កន្លែង ក្នុងស្រុកស្រីសន្ធរ មានឃុំចំនួន៥ រួមមាន ឃុំផ្ទះកណ្តាល ឃុំព្រែកដំបូក ឃុំស្វាយខ្សាច់ភ្នំ ឃុំឬស្សីស្រុក និងឃុំព្រែករំដេង។លើសពីនោះ ខេត្តកំពង់ចាមបាន ក៏កំពុងត្រៀមទទួលបានផងដែរ នូវផ្លូវបេតុងថ្មីបន្ថែមទៀត ស្របតាមដងទន្លេមេគង្គ ដើម្បីតភ្ជាប់ទន្លេមេគង្គត្រើយខាងកើតសម្រាប់បម្រើដល់វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម៕