សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកា៣០០០ដុល្លារ ដល់យុវតី​ស្ម័គ្រចិត្តស៊ីហ្គេម​ដែលបាត់ម៉ូតូ សម្រាប់​ទិញម៉ូតូ​យក​​​មក​​ប្រើ​ប្រាស់​​​វិញ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឧបត្ថម្ភថវិកាចំនួន​៣០០០ដុល្លារ ដល់យុវតីស្ម័គ្រចិត្តស៊ីហ្គេមឈ្មោះ ផុន រ៉ាស៊ី ដែលបានបាត់ម៉ូតូ ដើម្បីទិញម៉ូតូមកប្រើប្រាស់ឡើងវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងបណ្តាញសង្គមតេឡេក្រាមនារាត្រីថ្ងៃទី១៩ ខែឧសភា សម្តេចតេជោ បានសរសេរថា៖ “ល្ងាចនេះតាបានឃើញតាម​បណ្តាញសង្គមអំពីចៅស្រីផុន រ៉ាស៊ី ដែលជាយុវជនស្ម័គ្រចិត្តមកចូលរួមជួយបម្រើដល់ការប្រកួតស៊ីហ្គេមហើយបាត់ម៉ូតូ​។ តាសុំជួយ3,000$សម្រាប់ទិញម៉ូតូមកប្រើប្រាស់វិញ។ សូមចៅទាក់ទងជាមួយ​លោក សេង ទៀង តាមទូរសព្វ័លេខ 012 961971 ដើម្បីទទួលយកថវិកា។ “

គួរបញ្ជាក់ថា យុវតីឈ្មោះ ផុន រ៉ាស៊ី ជាអ្នកស្ម័គ្រចិត្តក្នុងកីឡាស៊ីហ្គេមនៅទីលាន AZ Group Cricket Oval ( ផ្លូវ 60 ម៉ែត្រ ) បានបាត់ម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ១គ្រឿង កាលពីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ អំឡុងពេលកំពុង​​បំពេញការងារក្នុងក្រុមយុវជនស្ម័គ្រចិត្តដែលជាសរសៃឈាមនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ​២០​២៣​កម្ពុជា ធ្វើជាម្ចាស់ផ្ទះ ៕