បន្ទាប់ពីប្រកាសរកក្មេងប្រុសជាអ្នកលក់ផ្កាដែលបានជួបនៅខេត្តបាត់ដំបងកាលពីសប្តាហ៍មុន កាលពីល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានឆ្លៀតពេលដែលទៅបំពេញការងារនៅខេត្តក្បែរនោះ បានអោយក្រុមការងារនាំក្មេងប្រុសឈ្មោះ រុន ភារម្យ ហៅអារ៉យ និងក្រុមគ្រួសារមកជួបផ្ទាល់ ដើម្បីស្វែងយល់បន្ថែមពីស្ថានភាពគ្រួសារនិងពិនិត្យលទ្ធភាពក្នុងការជួយ។
ជំនួបរវាង ក្រុមគ្រួសារក្មេងប្រុស រុន ភារម្យ និងឯកឧត្ដមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ធ្វើឡើងបន្ទាប់ពីក្រុមការងារអ.ម.តខេត្តបាត់ដំបង បានស្វែងរកឃើញក្មេងប្រុស រុន ភារម្យ ហៅអារ៉យ ដែលអ្នកលក់ផ្កាដែលឯកឧត្តម ហ៊ុន ម៉ាណែត បានជួបនៅខេត្តបាត់ដំបងកាលពីសប្តាហ៍មុន និងក្រុមគ្រួសារ ។ ហើយបានយកជំនួយខ្លះទៅផ្តល់ជូនពួកគាត់មួយជំហាន ដោយឯកឧត្តមសន្យាថានឹងរកពេលវេលាជួបពួកគាត់នៅពេលក្រោយ។
នៅលើបណ្តាញសង្គមហ្វេកបុកនៅថ្ងៃនេះ ឯកឧត្ដមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្រោយពីស្វែងយល់ពីស្ថានភាពគ្រួសាររបស់ក្មេងប្រុស រុន ភារម្យ ឯកឧត្តមបានសម្រេច ជួយផ្តល់មធ្យោបាយនិងលទ្ធភាពអោយឪពុកនិងម្តាយរបស់គាត់កែសម្រួលមុខរបរអោយបានកាន់តែប្រសើរ ដើម្បីបង្កើនចំណូលក្នុងគ្រួសារ និងជួយក្មួយប្រុស រុន ភារម្យ និងប្អូនស្រី អោយបានចូលរៀននៅសាលាដែល ចង់រៀន រហូតដល់ចប់ថ្នាក់ទី១២ និងគ្រោងផ្តល់អាហារូបករណ៍សម្រាប់បន្តរៀនសូត្រនៅថ្នាក់ឧត្តមសិក្សាទៀត ដើម្បីអាចកសាងសមត្ថភាពរបស់ខ្លួន និងចូលរួមជួយគ្រួសារនិងសង្គមជាតិយើងនៅពេលអនាគត។
ឯកឧត្ដមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក៏កោតសរសើរឪពុកម្តាយរបស់ក្មេងប្រុស រុន ភារម្យ ដែលទោះជាមានជីវភាពមិនសូវធូរធារ ប៉ុន្តែអប់រំកូនៗបានល្អ អោយចេះខិតខំប្រឹងប្រែង តស៊ូ និងប្រកាន់ខ្ជាប់នូវគុណធម៌ សីលធម៌ និងអំពើសុចរិតតាំងពីតូចៗ។ ហើយក៏កោតសរសើរក្មួយប្រុស រុន ភារម្យ ដែលមានទឹកចិត្តក្លាហាន មានការទទួលខុសត្រូវ និងចេះជួយទុក្ខធុរៈឪពុកម្តាយតាំងពីអាយុ ៦ឆ្នាំម៉្លេះ មកឥឡូវមានអាយុ ១៣ឆ្នាំ។