ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារលោកស្រី ព្រហ្ម ចន្ធូ ជា «ឧកញ៉ា» កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ តបតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកស្រី ព្រហ្ម ចន្ធូ បច្ចុប្បន្នជាប្រធានក្រុមហ៊ុនដឹកជញ្ជូន ម៉ីង លាំង ខូ អិលធីឌី (Ming Liang Co., Ltd) ដែលជាក្រុមហ៊ុនដឹកជញ្ជូនទំនិញ និងបំពេញបែបបទគយ (Customs Clearance) បានបើកដំណើរការតាំងពីខែមិថុនា ឆ្នាំ២០០៣ និងមានអាសយដ្ឋាននៅផ្លូវហាណូយ សង្កាត់ពោងពាយ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោកស្រី ត្រូវបានគេស្គាល់ថា ជាភរិយារបស់នាយទាហានជាន់ខ្ពស់មួយរូប គឺលោកឧត្តមសេនីយ៍ត្រី សុខ វិរិទ្ធ បច្ចុប្បន្នមានតួនាទីជា នាយករង នាយកដ្ឋានប្រេងឥន្ធនៈ នៃអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ នៅក្រសួងការពារជាតិ៕