ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង ចំពោះការបង្ហាញវត្តមាននៅកិច្ចប្រជុំកំពូល G7 ដែលបានធ្វើឡើងនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុននាពេលកន្លង។
ចំពោះការចូលរួមកិច្ចប្រជុំកំពូលមួយនេះ អ៊ុយក្រែនទទួលបានផលចំណេញជាច្រើន ដូចជាទទួលបានកញ្ចប់ជំនួយទាំងផ្នែកសព្វាវុធ ហិរញ្ញវត្ថុ និងជាពិសេសគឺការគាំទ្រយ៉ាងមុតមាំពីក្រុមមហាអំណាច G7។ នេះបើតាមការចុះផ្សាយពី CNA។
លោក Zelenskyy បានឆ្លៀតឱកាសប្រើនិមិត្តសញ្ញាដ៏មានអំណាចរបស់ G7 ដាក់គំនាបបន្ថែមទៅលើប្រទេសរុស្ស៊ី និងសម្ព័ន្ធមិត្តដទៃ ដែលពាក់ព័ន្ធនឹងករណីសង្គ្រាមរ៉ាំរ៉ៃរយៈពេល ១៥ខែមកនេះ។
បន្ថែមពីនោះ អ៊ុយក្រែនទទួលបានការសន្យាផ្គត់ផ្គង់យន្តហោះចំបាំងទំនើបៗពីអាមេរិក និងឱកាសអូសទាញមហាអំណាចផ្សេងទៀត ដែលមិនទាន់ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសរុស្ស៊ី ដូចជាឥណ្ឌាជាដើម ឲ្យចូលមកបក្សសម្ព័ន្ធរបស់ខ្លួន។
មិនតែប៉ុណ្ណោះ ដោយសារតែទីតាំងកិច្ចប្រជុំធ្លាប់ជាសមរភូមិដ៏ក្ដៅគគុកក្នុងអំឡុងសង្គ្រាមលោកលើកទី ២ផង ប្រធានាធិបតីអ៊ុយក្រែនឆ្លៀតឱកាសទាញយកស្ថានការណ៍សង្គ្រាមនៅអ៊ុយក្រែន មកជជែកគ្នា ដែលធ្វើឲ្យសម្ព័ន្ធមិត្តលោកខាងលិចកាន់តែក្ដៅស្លឹកត្រចៀកជាមួយរុស្ស៊ីកាន់តែខ្លាំង។
“រូបភាពនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា បានធ្វើឲ្យខ្ញុំនឹកឃើញដល់ទីក្រុង Bakhmut ដែលបង្ហាញពីការបំផ្លាញទាំងស្រុង គ្មានសេសសល់អ្វី និងគ្មានមនុស្សនៅទីនោះសូម្បីម្នាក់”។ នេះបើតាមសម្ដីរបស់លោក Zelenskyy បាននិយាយ ក្រោយបញ្ចប់ទស្សនកិច្ចនៅសារមន្ទីររបស់ទីក្រុងដែលរងការបំផ្លាញ ពីការទម្លាក់គ្រាប់បែកបរមាណូ កាលពីឆ្នាំ ១៩៤៥។
យ៉ាងណា ប្រធានាធិបតីអ៊ុយក្រែននៅតែអះអាងថា រុស្ស៊ីមិនទាន់គ្រប់គ្រង Bakhmut ទាំងស្រុងឡើយ បើទោះជាបច្ចុប្បន្នកងកម្លាំងរុស្ស៊ីកំពុងមានវត្តមាននៅទីក្រុងមួយនេះព្រោងព្រាតក្ដី៕