ល្បីចិនពូកែរកស៊ី តែមហាសេដ្ឋីមានបំផុតនៅអាស៊ីបែរជាជនជាតិឥណ្ឌាវិញ

អន្តរជាតិ

ទ្វីបអាស៊ី គឺប្រមូលផ្ដុំមហាសេដ្ឋីច្រើនបំផុតលើលោក ប្រមាណ ៩៥១នាក់ ដែលក្នុងនោះ​ចិន និង​ឥណ្ឌា​សំបូរ​មហាសេដ្ឋី​ច្រើន​ជាងគេ ពោល​ចិន​មាន​ប្រមាណ ៤៤០ នាក់ ខណៈ​ឥណ្ឌា​មាន ១៦១ នាក់ ដោយក្នុងនោះអ្នកមានបំផុតប្រចាំទ្វីបគឺលោក Mukesh Ambani ម្ចាស់ក្រុមហ៊ុន Reliance Industries Limited។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះ​មហាសេដ្ឋីមានបំផុត​ប្រចាំ​ទ្វីបអាស៊ី ផ្អែកតាម​ការចុះផ្សាយពីទស្សនាវដ្ដី Forbes៖

1/ Mukesh Ambani

បុគ្គល​ឈរ​នៅ​កំពូល​តារាង​រូប​នេះ គឺ​ជា​មហាសេដ្ឋី​ជនជាតិ​ឥណ្ឌា​ដែល​មាន​ទំហំ​ទ្រព្យសម្បត្តិ​ប្រមាណ ៩៥,៧ពាន់​លាន​ដុល្លារ ហើយ​លោក​គឺជា​ម្ចាស់​ភាគហ៊ុន​ធំ​បំផុត​នៃ​ក្រុមហ៊ុន​ថាមពល​ និង​ទូរគមនាគមន៍​ Reliance Industries ដែល​ក្ដោបក្ដាប់​វិស័យ​ផ្សេងៗ​ដូចជា គីមី​ឥន្ធនៈ ​ប្រេង ឧស្ម័ន​ ទូរគមនាគមន៍​​ជាដើម។

2/ Zhong Shanshan

បុរស​ដែល​មាន​រហស្សនាម​ថា “ស្ដេច​ទឹកបរិសុទ្ធ” Zhong Shanshan គឺ​ជា​ស្ថាបនិក​នៃ​ក្រុមហ៊ុន​ផលិត​ទឹកបរិសុទ្ធ Nongfu Spring គឺ​ជា​មហាសេដ្ឋី​មាន​បំផុត​ទី ២ ប្រចាំ​ទ្វីបអាស៊ី​ដោយ​លោក​មាន​ដើម​កំណើត​ជា​ជនជាតិ​ចិន។

បច្ចុប្បន្ន លោកមានទ្រព្យសម្បត្តិ​ប្រមាណ ៦២,២ពាន់លានដុល្លារ។

3/ Gautam Adani

មហាសេដ្ឋី​ឥណ្ឌា​ទី ២ គឺ​លោក Gautam Adani ដែល​លោក​គឺ​ជា CEO នៃ​ក្រុមហ៊ុន Adani Groups ដែល​កាន់កាប់​មុខ​ជំនួញ​ជាច្រើន​ដែល​មាន​ដូចជា កំពង់ផែ​ Mundra Port, Adani Enterprises, Adani Green, Adani Total Gas, Adani Power ជាដើម។

បច្ចុប្បន្ន Adani គឺ​ជា​មហាសេដ្ឋី​មាន​បំផុត​ទី ២ នៅ​ប្រទេស​ឥណ្ឌា ដែល​មាន​ទំហំ​ទ្រព្យ​សម្បត្តិ​ប្រមាណ ៥៦,៣ពាន់​លាន​ដុល្លារ។

4/ Zhang Yiming

សហស្ថាបនិក និងជាអតីត CEO ក្រុមហ៊ុន ByteDacne ដែលជា​ក្រុមហ៊ុនមេ​កម្មវិធីល្បីល្បាញ TikTok មានទ្រព្យសម្បត្តិប្រមាណ ៣៩,១ពាន់លានដុល្លារ។

5/ Li Ka-shing

បុរសដែលមានរហស្សនាមថា Superman និងជាមហាសេដ្ឋីហុងកុងតែម្នាក់គត់ក្នុងបញ្ជីមួយនេះ មានទ្រព្យសម្បត្តិប្រមាណ ៣៧,៨ពាន់លានដុល្លារ និងមានអាជីវកម្មជាច្រើននៅក្នុងដៃ។

6/ Tadashi Yanai

ជាជនជាតិជប៉ុនតែម្នាក់គត់ ក្នុងបញ្ជីឈ្មោះមួយនេះ ហើយលោកគឺជាស្ថាបនិក និងជា CEO ក្រុមហ៊ុន Fast Retailing ក្រុមហ៊ុនមេ Uniqlo ខណៈទ្រព្យសម្បត្តិ​របស់លោកមានប្រមាណ ៣៥,៩ពាន់លានដុល្លារ។

7/ Pony Ma Huateng

ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​យក្ស Tencent Holdings ដែល​ជាប់​ឈ្មោះ​ជា​ក្រុមហ៊ុន​ធំ​បំផុត​ប្រចាំ​ប្រទេស​ បើ​ផ្អែក​តាម​មូលធន​ទីផ្សារ។

បុរស​រូប​នេះ​មាន​ដើម​កំណើត​ជា​ជនជាតិ​ចិន ដែល​មាន​ទំហំ​ទ្រព្យ​សម្បត្តិ​សរុប ៣៥,២ពាន់​លាន​ដុល្លារ។

8/ Colin Zheng Huang

ស្ថាបនិកក្រុមហ៊ុន Pinduoduo ដែលឥឡូវនេះជាវេទិកាកសិកម្មដ៏ធំបំផុតនៅក្នុងប្រទេសចិន ខណៈបច្ចុប្បន្នទ្រព្យសម្បត្តិរបស់លោក មានប្រមាណ ៣៤,៦ពាន់លានដុល្លារ។

9/ William Lei Ding

​ស្ថាបនិក និងជា CEO ​ក្រុមហ៊ុន NetEase ដែលជំនាញ​លើ​ការ​ផលិតហ្គេម ផ្គត់ផ្គង់សេវាកម្មអ៊ីនធឺណិត និងការធ្វើពាណិជ្ជកម្មអេឡិចត្រូនិច មានទ្រព្យសម្បត្តិ​ប្រមាណ ៣២,១ឹពាន់លានដុល្លារ

10/ Robin Zeng

ជាស្ថាបនិកក្រុមហ៊ុន CATL ដែលជា​អ្នកផលិត​អាគុយលីចូម – អ៊ីយ៉ុងសម្រាប់រថយន្តអគ្គិសនី ធំបំផុតមួយ​លើពិភពលោក ហើយទ្រព្យសម្បត្តិ​របស់លោកមានប្រមាណ ៣៤ពាន់លានដុល្លារ។

សូមជម្រាបដែរថា ចំណែក​ឯ​មហាសេដ្ឋីនៅ​តំបន់​អាស៊ីអាគ្នេយ៍​វិញ​មាន​សរុប ១១៤ នាក់ ​តៃវ៉ាន់​មាន ៤៥ នាក់ កូរ៉េខាងត្បូង​មាន ២៨ នាក់ និង​ជប៉ុន​មាន ២៧ នាក់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Nikkei Asia៕