ជប៉ុន ប្រកាសផ្តល់ជំនួយជាង ៥៥លានដុល្លារដល់កម្ពុជា ដើម្បីដំណើរការគម្រោងធំៗ ចំនួន ២

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋាភិបាលជប៉ុន បានប្រកាសផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងជាង ៥៥លានដុល្លារ ដល់កម្ពុជា ដើម្បីអនុវត្តគម្រោងសំខាន់២ ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃ២២ ឧសភានេះ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែល បានឱ្យដឹងថា នាថ្ងៃទី២៤ ឧសភាខាងមុខ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងចុះហត្ថលេខានៅទីស្ដីការក្រសួង លើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ជាមួយការផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងនេះ។

លិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធដែលនឹង ត្រូវចុះហត្ថលេខានោះរួមមាន៖ ១. ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ៧.២០៥ លានយ៉េន (ប្រមាណ ៥២,៦ លានដុល្លារ) សម្រាប់អនុវត្ត «គម្រោងការធ្វើឲ្យប្រសើរឡើងវិញនូវផ្លូវជាតិ លេខ៥ (កំណាត់ផ្លូវពីព្រែកក្តាម-ធ្លាម្អម) ដំណាក់កាលទី៤»។ និង២. ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់ចំនួន ៣៦៦ លានយ៉េន (ប្រមាណ ២,៦៧លានដុល្លារអាមេរិក) សម្រាប់អនុវត្ត «គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស»។

បើតាមក្រសួងការបរទេសកម្ពុជា ក៏បានអះអាងដែរថា ការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការខាងលើ នឹងចូលរួមចំណែកដល់ កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ សេដ្ឋកិច្ច-សង្គមជាបន្តបន្ទាប់ របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបង្កើនការពង្រឹងទំនាក់ទំនងដ៏ល្អ ប្រពៃ និងកិច្ចសហប្រតិបត្តិការ ដែលកំពុងលូតលាស់ លើគ្រប់វិស័យរវាងប្រជាជាតិទាំងពីរ ៕

អត្ថបទ៖ ពិសី