តើឧកញ៉ារូបណាខ្លះ ជាម្ចាស់ក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ិនធឺណិត លំដាប់ឈានមុខនៅកម្ពុជា?

ជុំវិញ​ឧកញ៉ា

នាសម័យកាលឌីជីថលនេះ ​​ការ​រស់នៅ​របស់​ប្រជាជន​​​លើ​ពិភពលោក ក៏​ដូចជា​ប្រជាជន​កម្ពុជា មាន​តម្រូវការ​ជាចាំ​បាច់​​នូវ​សេវា​អ៊ិនធឺណែត ​​ដើម្បី​​បំពេញ​​កិច្ច​ការងារ​ប្រចាំថ្ងៃ​​ និង​សម្រាប់​ទំនាក់ទំនង​ផ្សេងៗ។ ​​​សម្រាប់​នៅ​ប្រទេសកម្ពុជា​បច្ចុប្បន្ន​ មាន​ក្រុមហ៊ុន​ផ្តល់សេវាកម្ម​អ៊ិនធឺណែត​ជា​ច្រើន កំពុង​បម្រើ​សេវាកម្ម​នៅ​ទូទាំង ២៥​រាជធានី ខេត្ត​ ​​ក្នុង​នោះ​ក៏​មាន​ក្រុមហ៊ុន​មួយ​ចំនួន ​ដែល​មាន​ម្ចាស់​ជា​អ្នកឧកញ៉ា។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១. អ្នកឧកញ៉ា គិត ម៉េង ៖ ក្រុមហ៊ុន​ អ៊ីហ្សីខម (Ezecom) និង​ Cam GSM Co., Ltd (សែលកាត)

Ezecom ជាក្រុមហ៊ុនខ្មែរ ១០០% ដែលម្ចាស់​ក្រុមហ៊ុន​គឺ​ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group។ Ezecom បានបង្កើតជាផ្លូវការនៅឆ្នាំ២០០៨ ជាមួយគ្រឹះដ៏រឹងមាំក្នុងការសាងសង់​នូវប្រព័ន្ធខ្សែកាប្លិ៍​បាតសមុទ្រម៉ាឡេស៊ី-កម្ពុជា-ថៃ និងបណ្ដាញខ្សែកាប្លិ៍បាតសមុទ្រ Asian American Gateway ដែលតភ្ជាប់​កម្ពុជា​ទៅកាន់ពិភពលោក និងកាត់បន្ថយថ្លៃអ៊ិនធឺណិតសម្រាប់អ្នកប្រើប្រាស់រាប់លាននាក់នៅកម្ពុជា។ ​នៅ​ថ្ងៃទី​០៥ ខែ​ឧសភា ​ឆ្នាំ​២០២២ អ្នកឧកញ៉ា គិត ម៉េង ​​បាន​ទិញ​យក​ក្រុមហ៊ុន​ Opennet ​មក​បញ្ចូល​គ្នា​ជាមួយ​ Ezecom ​​​​​​ដើម្បី​ពង្រីក​វិសាលភាព​កាន់​តែ​ធំ​ថែម​ទៀត ​បន្ទាប់ពី​​ក្រុមហ៊ុន King Technologies Co.,Ltd ដែល​ស្គាល់ជាទូទៅថាក្រុមហ៊ុនអ៊ិនធឺណិត Opennet ​​​ជំពាក់បំណុលរដ្ឋ។ នេះ​មាន​ន័យ​ថា ​អតិថិជន​​ចាស់​ទាំង​អស់​​របស់​ Opennet ​​នឹង​ត្រូវ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ Ezecom ដោយ​ស្វ័យ​ប្រវត្តិ។

ចំណែក​ឯ​ក្រុមហ៊ុន​ សែលកាត (Cellcard) ​​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​មួយ​ទៀត​នៃ​ក្រុមហ៊ុន​ រ៉ូយ៉ាល់ គ្រុប របស់​អ្នកឧកញ៉ា គិត ម៉េង។ Cellcard ​​បាន​បើក​ដំណើរ​ការ​តាំង​ពី​ឆ្នាំ១៩៩៧ និង​បាន​ក្លាយ​ជា​ក្រុមហ៊ុន​​ទូរគមនាគមន៍​​​ដ៏​ធំបំផុត​នៅ​កម្ពុជា។ សែលកាត ផ្តល់សេវាកម្ម​អ៊ិនធឺណែត តាម​រយៈ​ស៊ីមកាត​​​លើ​ទូរស័ព្ទដៃ​ចល័ត ​​ហើយ​ថ្មីៗ​កន្លង​ទៅ​នេះ ពួកគេ​បានបង្ហាញ ផលិតផលថ្មីមួយឈ្មោះថា Cellcard One ដែល​ផ្តល់​នូវ​ដំណោះ​ស្រាយរួមគ្នា​ចំនួនពីរ ដែលរួម​បញ្ចូលទាំង​ការ​ភ្ជាប់ Wi-Fi និង ការតភ្ជាប់ទូរស័ព្ទចល័ត ក្នុងកញ្ចប់តែមួយ និងការបង់ប្រាក់ ដែលត្រូវគ្នា ដើម្បីសមស្របទៅនឹង​តម្រូវការនៃខាងលំនៅដ្ឋាន និងអាជីវកម្មផ្សេងៗ ដោយ​ក្នុង​នោះ​មាន​គម្រោង Cellcard One Home ​​ជា​គម្រោង​អ៊ិនធឺណែត​ល្បឿនលឿន 20Mbps ជាមួយនិង បណ្តាញ Fiber អុបទិច សម្រាប់​ការ​ប្រើប្រាស់​ក្នុង​គេហដ្ឋាន និង​គម្រោង “ផែនការអាជីវកម្ម Cellcard One/ Cellcard One Business” ជាគម្រោង ដែលមាន​ការផ្តល់ជូននូវដំណោះស្រាយដ៍ល្អ ក្នុងការតភ្ជាប់សម្រាប់ អាជីវកម្មដែលមានតម្លៃល្អបំផុត ដែលត្រូវបាន​គិតគូរ​ឡើងជាពិសេស សម្រាប់សហគ្រាសធុនតូច និងមធ្យម ហើយ​ការបញ្ចូននូវល្បឿនលឿន 30Mbps បណ្តាញ Fiber អុបទិច។

២. អ្នកឧកញ៉ា លឹម រស់ និងភរិយា៖ ក្រុមហ៊ុនអ៊ិនធឺណិត អនឡាញ និង​​អ៊ិនធឺណិត ហូម

ក្រុមហ៊ុនអ៊ិនធឺណិត អនឡាញ (ONLINE ISP Cambodia) និង​ អ៊ិនធឺណិត ហូម (Internet Home Cambodia) គឺ​មាន​អ្នកឧកញ៉ា លឹម រស់ ជា​ស្ថាបនិក ​​ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​ទាំងពីរ​នេះ ​​ដឹក​នាំ​ដោយ​ភរិយា​របស់​​អ្នកឧកញ៉ា​ផ្ទាល់ គឺ​អ្នកឧកញ៉ា សុទ្ធី ម៉ូនីកា ដែល​មាន​តួនាទី​ជា នាយកប្រតិបត្តិ។

ក្រុមហ៊ុន​អ៊ិនធឺណិត អនឡាញ និង​ក្រុមហ៊ុន​ អ៊ិនធឺណិត ហូម ​​​គឺ​ជា​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​មេ កូហ្សេតែល (Cogetel Ltd.) ​​ដែល​បាន​បើក​ដំណើរការ​ តាំងពីឆ្នាំ២០០២។ ក្រុមហ៊ុន​អ៊ិនធឺណិត អនឡាញ ជាកញ្ចប់ សេវា អ៊ិនធឺណិត​ ​ផ្តោត​សំខាន់​បំផុត​ សម្រាប់ការប្រើប្រាស់តាមអាជីវកម្មខ្នាតតូច និងមធ្យមក្នុងគ្រប់វិស័យ ជាមួយ​នឹង​ សេវាកម្មរហ័ស អ៊ីនធឺណិតល្បឿនលឿន និងមិនរអាក់រអួល។ រីឯ ​ក្រុមហ៊ុន​ អ៊ិនធឺណិត ហូម ​​ផ្តោត​លើ​គម្រោង​​​សម្រាប់​អតិថិជន​ ដែល​មាន​តម្រូវការ​ប្រើប្រាស់​​សម្រាប់​​​គ្រួសារ និង​មាន​តម្លៃ​ធូរថ្លៃ​ជាង។

​​គួរ​បញ្ជាក់​ថា ក្រៅពី​ក្រុមហ៊ុន​របស់​អ្នកឧកញ៉ា​ខាង​លើ ក៏​នៅ​មាន​ក្រុមហ៊ុន​ផ្តល់សេវាកម្ម​អ៊ិនធឺណែត​​ជា​ច្រើន​ទៀត​នៅ​កម្ពុជា ​ហើយ​ក្នុង​នោះ​មាន​ក្រុមហ៊ុន​ជា​ច្រើន​​​ម្ចាស់​ជា​ជនជាតិ​បរទេស​​ផង​ដេរ។ ក្រុមហ៊ុន​​កាន់​តែ​ច្រើន​ ​​នឹង​ធ្វើ​ឱ្យ​មាន​ការ​ប្រកួត​ប្រជែង​គ្នា​កាន់​តែ​ខ្លាំង​ អាច​ជា​ជម្រើស​ល្អ​សម្រាប់​អតិថិជន ក្នុង​ការ​សម្រេច​ចិត្ត​ប្រើប្រាស់។

ជាមួយ​គ្នា​នេះ លោក ជា វ៉ាន់ដេត ​​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍​ ក៏​បាន​​​ដាក់​ចេញ​នូវ​ប្រកាស​ស្តីពី «គុណភាពសេវាទូរគមនាគមន៍»​​ ​​សម្រាប់​ឱ្យ​ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ដែលជាក្រុមហ៊ុនទូរស័ព្ទ និងក្រុមហ៊ុន​អ៊ិនធឺណិត កែលំអ​និង​ពង្រឹងគុណភាពសេវា ឬបណ្តាញរបស់ខ្លួន ដើម្បី​បំពេញ​តម្រូវការ​របស់​អតិថិជន​ក្នុង​ការ​​ប្រើប្រាស់ ខណៈ​ដែល​ប្រកាស​នេះ​ ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត​​ ចាប់តាំងពីថ្ងៃទី១៧ ខែ​កក្កដា ឆ្នាំ២០២២៕