មហាសេដ្ឋីមានបំផុតលើលោក Bernard Arnault ដែលជាមហាសេដ្ឋីមានបំផុតលើលោក បានរបូតទ្រព្យសម្បត្តិប្រមាណ ១១,៣ពាន់លានដុល្លារ ត្រឹមរយៈពេលមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសេដ្ឋកិច្ចអាមេរិកមានភាពថយចុះ បណ្ដាលឲ្យតម្រូវការសម្ភារៈនិយមក៏ធ្លាក់ទៅតាមដូចគ្នា។
យោងតាមការចុះផ្សាយពី SMH បានឲ្យដឹងថា តម្លៃភាគហ៊ុនក្រុមហ៊ុន LVMH របស់ស្ដេចត្រាញ់ម្នាក់នេះ បានធ្លាក់ចុះ ៥% និងបានបណ្ដាលឲ្យក្រុមហ៊ុនសម្ភារៈនិយមនៅអឺរ៉ុប បាត់បង់ចំណូលអស់ ៣០ពាន់លានដុល្លារ។
ដោយសារតែរបូតលុយអស់ជាង ១១ពាន់លានដុល្លារនោះ បានធ្វើឲ្យគំលាតទ្រព្យសម្បត្តិរវាងមហាសេដ្ឋីបារាំង និងមេធំ Tesla លោក Elon Musk មានភាពខុសគ្នាតែ ១១,៤ពាន់លានដុល្លារប៉ុណ្ណោះ។
សូមជម្រាបដែរថា បច្ចុប្បន្នមហាសេដ្ឋីមានដាច់គេលើលោក Bernard Arnault មានទ្រព្យសម្បត្តិប្រមាណ ១៩១,៦ពាន់លានដុល្លារ ខណៈវាបានកើនឡើងប្រហែល ២៩,៥ពាន់លានដុល្លារ តាំងពីដើមឆ្នាំ មកទល់ពេលនេះ៕