ឧកញ៉ា ព្រាប សុវត្ថិ ចេញវីដេអូបង្ហាញអារម្មណ៍ពិតចំពោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្ទាប់ពីធ្វើការងារក្បែរគ្នាជាង ២ឆ្នាំ

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ លោកឧកញ៉ា ព្រាប សុវត្ថិ ​កំពូល​តារា​ចម្រៀង​ផលិត​កម្ម Galaxy Navatra ​​​​បាន​ចេញ​វីដេអូឃ្លិប​មួយ ​​និយាយ​​ចេញ​ពី​អារម្មណ៍​ពិត​របស់​ខ្លួន ​ក្នុង​នោះ​លោក​ឧកញ៉ា បាន​លើក​ឡើង​ពី​សកម្មភាព​បញ្ចេញ​មតិ​​របស់​អ្នកគាំទ្រ​លើបណ្តាញ​សង្គម ការ​តស៊ូ​ក្នុង​ជីវិត ​​​​​មោទនភាព​ចំពោះបទ «ស្រឡាញ់​អ្វី​ដែល​ខ្មែរមាន» ដែល​ទទួល​បាន​ការគាំទ្រ​យ៉ាង​ខ្លាំង ព្រមទាំងបានបង្ហាញពីអារម្មណ៍ពិតចំពោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្ទាប់ពីធ្វើការនៅក្បែរគ្នា អស់រយៈពេលជាង ២ឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​ឧកញ៉ា ព្រាប សុវត្ថិ ​​បាន​លើក​ឡើង​ក្នុង​វីដេអូ​ឃ្លិប​ថា កន្លង​មក​ លោក​ឃើញ​មាន​​ការ​បញ្ចេញ​មតិ​លើ​បណ្តាញ​សង្គម​​ គឺ​មាន​ទាំង​ការ​​សរសើរ និង​ការ​បញ្ចេញ​មតិខ្លះ​​មិនល្អ​គួរ​ឱ្យ​ស្តាប់។ លោក​បាន​បន្ត​ថា ​​មួយ​ការ​បញ្ចេញ​មតិ​លើក​ទឹកចិត្ត និង​មួយ​ទៀត​ការ​បញ្ចេញមតិ​បន្ទោស​បង្អាប់​នូវ​ផ្លូវ​ចិត្ត​ណាមួយ ​​ដូចជា​មាន​បងប្អូន​មួយ​ចំនួន​តូច​ខ្លះ​បញ្ចេញ​មតិ​ដល់​ថ្នាក់​ជេរ​ប្រមាថ​ក៏​មាន។ លោក​ឧកញ៉ា យល់​ថា​យើង​គ្រប់គ្នា គួរ​តែ​ជ្រើសរើស​យក​ពាក្យ​ណា ឬ​សម្តីណា​ដែល​ល្អ​មក​ប្រើ ​ព្រោះ​ការ​បញ្ចេញ​មតិ​មួយៗ អាច​នឹង​មាន​មនុស្ស​ច្រើន​ណាស់ ​នឹង​មើល​ឃើញ ហើយ​សរ​បញ្ជាក់​ឱ្យ​ឃើញ​ថា យើង​មាន​កម្រិត​​ចេះ​ដឹង​ប៉ុណ្ណា ឬ​ការ​យល់ដឹង​ប៉ុណ្ណា។

ក្នុង​នាម​ជា​អ្នកចម្រៀង​មួយ​រូប ទម្រាំ​តស៊ូ​មក​ដល់​ថ្ងៃ​នេះ លោក​ឧកញ៉ា​ ព្រាប សុវត្ថិ ​​​យល់​ថា​ នៅ​តែ​មាន​ភាព​លំបាក​ដដែល ​​ហើយ​ភាព​លំបាក​ដូចជា​ការ​អន្ទោល​តាម​ប្រាណ​របស់​យើង ប៉ុន្តែ​ពេល​យើង​ឆ្លងកាត់​ភាព​លំបាក​ច្រើន និង​យល់​ពី​កាលៈទេសៈ ពេលវេលា ដែល​យើង​អាច​រស់​បាន​ដោយ​សីលធម៌ សុជីវធម៌ អាកប្បកិរិយា​ណា​មួយ ដែល​សង្គម​​ត្រូវការ​ដូចជា ភាព​ស្មោះត្រង់ និង​ធ្វើ​អ្វី​ដែល​ល្អៗ​ មាន​សីលធម៌​ទាំង​ពាក្យ​សម្តី ​ការ​សរសេរ​ និង​កាយ​វិការ​សព្វគ្រប់​បែបយ៉ាង។ មក​ដល់​យុគសម័យ​នេះ ជាសម័យ​មួយ​ជឿនលឿន​ណាស់ ដូច្នេះ​​យើង​គួរ​តែ​ប្រើ​ពាក្យ​សម្តី ឬ​ការសរសេរ​ ឱ្យ​បាន​សមរម្យ ទោះ​បី​ខឹង​នរណា​ម្នាក់​ក៏​ដោយ។

ឧកញ៉ា ព្រាប សុវត្ថិ ក៏​សូម​អរគុណ​ដល់​បងប្អូន​ទាំង​អស់​គ្នា ដែល​បាន​គាំទ្រ​នូវ​បទចម្រៀង «ស្រឡាញ់​អ្វី​ដែល​ខ្មែរ​មាន» របស់​ក្រុមហ៊ុន​ Galaxy ដែល​​​បទនេះ​មាន​អ្នក​មើល​​ដល់​ទៅ ៧០លាន​នាក់​ ឬ​៨០​លាន​​នាក់។ ក្នុង​ការ​ផលិត​បទនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏​ដូចជា​ក្រុមហ៊ុន បាន​ចំណាយ​ធនធាន​អស់​ច្រើន។ អ្នកឧកញ៉ា ក៏​បាន​ផ្តួចផ្តើម​ ខ្នះខ្នែង​ចំណាយ​ពេលវេលា​សព្វគ្រប់​បែប​យ៉ាង​ ​រហូត​ដល់​បទនេះ​អាច​ក្លាយ​ជា​បទចម្រៀង​ល្បី​​តំណាង​របស់​ជាតិ។

អគ្គនាយកក្រុមហ៊ុន ព្រាប សុវត្ថិ អ៊ីនវេសមេន បាន​បន្ថែម​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ​​បាន​ជួយ​ដល់​សង្គម​ច្រើន​មែនទែន ដូចជា​បញ្ហា​កូវីដ-១៩ ទឹកជំនន់ ពេទ្យ​គន្ធបុប្ផា និង​ព្រឹត្តិការណ៍​ផ្សេងៗ​ទៀត ដោយ​ចំណាយ​ទាំង​ពេលវេលា និង​ថវិកា​ក្នុង​ការ​ជួយ​ដល់​សង្គម​ជាតិ។ លោកឧកញ៉ា បានបន្តថា លោករស់នៅជាមួយអ្នកឧកញ៉ា ត្រឹមតែជាង ២ឆ្នាំ ប៉ុន្តែហាក់ដូចជារាប់សិបឆ្នាំ ដោយសារជម្រៅចិត្ត នៅក្នុងការទទួលខុសត្រូវ ហើយលោកពិតជាមិនអាចភ្លេចបាន។

សូម​ទស្សនាវីដេអូខាងក្រោម៖