ក្រោយពីមិនអាចរកប្រាក់ចំណេញបានការចិញ្ចឹមត្រីអណ្តែងក្នុងវគ្គដំបូងចំនួន១ម៉ឺន៥ពាន់កូន ដូចដែលក្រុមគួ្រសាចង់បាន លោកអ៊ឹម បេ មានគំនិតទិញមេបង្កងពូជអូស្ត្រាលីឬហៅថាបង្កងដៃខ្លី ប្រហែល២០ក្បាលចិញ្ចឹមសម្រាប់ទុកគ្រាន់ធ្វើជាម្ហូបប្រចំាគ្រួសារ ប៉ុន្តែក្រោយមកបានក្លាយជាមុខរបរសំខាន់មួយដែលអនុញ្ញាតឱ្យលោកអាចរកប្រាក់ចំណូលបានរាប់ពាន់ដុល្លារអាមេរិក កាលកន្លងទៅថ្មីៗនេះ។
លោក អ៊ឹម បេ អាយុជាង៥០ឆ្នំា រស់នៅភូមិប្រហ៊ូត សង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ បានឱ្យដឹងថា «ខ្ញុំចាប់ផ្តើមចិញ្ចឹមបង្កងដៃខ្លីនេះ នៅចុងឆ្នំា២០២២ ចំនួនមេបង្កងពូជប្រហែល២០ក្បាល ក្នុងមួយក្បាលថ្លៃ៨ដុល្លារអាមរិក ក្នុងគោលបំណងគឺចង់ចិញ្ចឹមទុកធ្វើជាម្ហូបសម្រាប់ក្រុមគ្រួសារប៉ុណ្ណោះ តែចិញ្ចឹមយូរទៅវាចេះតែកើនឡើងច្រើន ធ្វើឱ្យយើងពង្រីកអាងចិញ្ចឹមបន្ថែមជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃ»។
លោកបន្តថា ក្នុងការចិញ្ចឹមបង្កងដៃខ្លីអស់រយៈពេល១ឆ្នំាកន្លងមកនេះ យើងលក់បង្កងបាន ៣០០គីឡូក្រាមហើយបើគិតជាសាច់ប្រាក់បាន ៣ពាន់ដុល្លារអាមេរិក ហើយនៅខែតុលា ឆ្នាំ២០២៣ខាងមុខនេះ យើងអាចប្រមូលផលបង្កងបានប្រហែល១តោន សម្រាប់លក់នៅលើទីផ្សារ។
បើតាមលោកអ៊ឹម បេ បន្ទាប់ពីមានសមត្ថភាពអាចចិញ្ចឹមបង្កងដៃខ្លី មានការរីកចម្រើននៅក្នុងទីតំាង លោក ក៏បានលក់មេបង្កងពូជជូនទៅប្រជពលរដ្ឋដែលចិញ្ចឹមបង្កងនៅក្នុងតំបន់ មួយក្បាលថ្លៃ៥ដុល្លារអាមេរិក និងកូនបង្កងមួយក្បាលថ្លៃ៥០០រៀល ខណៈបច្ចុប្បន្ននេះ លោកនៅមានមេបង្កងពូជ មេពងនិងកូនបង្កងសរុបប្រហែល៤ម៉ឺនក្បាល។
លោកសង្តត់ធ្ងន់ថា ការចិញ្ចឹមបង្កងអូស្ត្រាលីនេះងាយស្រួលក្នុងការចិញ្ចឹម ហើយសម្រាប់ប្រជាពលរដ្ឋមិនមានចំណេះដឹងផ្នែកបច្ចេកទេស ក៏អាចចិញ្ចឹមបានដែរ សំខាន់ឱ្យមានទីតំាងល្អ ហើយមានប្រភពទឹកគ្រាប់គ្រាន់។
លោកលើកឡើងថា មុនចូលមកដល់ការចិញ្ចឹមបង្កងដៃខ្លីមានដូចសព្វថ្ងៃនេះ ពីមុនក្រុមគ្រួសារបានសាកល្បងចិញ្ចឹមត្រីអណ្តែងប្រមាណ១ម៉ឺន៥ពាន់ក្បាល ត្រូវការចំណាយច្រើនពេក ទៅលើចំណី ហើយប្រឈមហានិភ័យ ថែមទំាងមិនសូវមានទីផ្សារល្អទៀតនោះ ក៏ឈប់ចិញ្ចឹម។ វាខុសពីការចិញ្ចឹមបង្កងនេះ វាស៊ីចំណីតិចក្នុង១ម៉ឺនក្បាលត្រូវការចំណាយប្រាក់អស់ប្រហែល៧ពាន់រៀល ក្នុងមួយថ្ងៃ ហើយសំបូរទីផ្សារដល់ពេលប្រមូលផល ។
លោកគូសបញ្ជាក់ថា «ការចិញ្ចឹមបង្កងដៃខ្លីនេះ បើសិនយើងមានផ្ទៃដីត្រឹមមួយហិកតា ក៏អាចរកបានប្រាក់ពី១ម៉ឺនទៅ២ម៉ឺនដុល្លារអាមេរិក ក្នុងមួយវគ្គ ពោលវាផ្តល់ប្រយោជន៍ច្រើនជាងយើងធ្វើស្រែ ចិញ្ចឹមមាន់ និងចិញ្ចឹមត្រី នាពេលបច្ចុប្បន្ន»។
បើតាមលោក អ៊ឹម បេ ការចិញ្ចឹមបង្កងដៃខ្លីនៅពេលសព្វថ្ងៃមានទំនុកចិត្តខ្លំាងលើមុខរបរមួយនេះ បានចំណាយប្រាក់រាប់ម៉ឺនដុល្លារអាមេរិក ទៅលើទិញដីពង្រីកទីតំាងចិញ្ចឹមបង្កងបន្ថែម ហើយនៅថ្ងៃខាងមុខ លោកមានគម្រោងពង្រីកការចិញ្ចឹមបង្កងនៅកន្លែងផ្សេង ដែលមានប្រភពទឹកគ្រប់គ្រាន់ ដើម្បីឱ្យមុខរបរមួយនេះកាន់តែមានភាពប្រសើរឡើង៕
អត្ថបទ៖សារេត