ឧកញ៉ា សំ សុខនឿន ធ្លាប់នៅផ្ទះជួលតម្លៃត្រឹម ១៥ដុល្លារក្នុង១ខែ កាលនៅរៀន

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល និង​ជា​ប្រធាន​ក្រុមហ៊ុន Sam SN Realty ​​បាន​បង្ហើប​ឱ្យ​ដឹង​ថា ​​កាល​នៅ​វ័យសិក្សា​លោក​ធ្លាប់​ឆ្លងកាត់​ភាព​លំបាក​ជូរចត់​ជា​ច្រើន​ ដោយ​ធ្លាប់​ដើរ​ទៅ​រៀន ធ្លាប់​ជិះ​កង់​ទៅ​រៀន ធ្លាប់​ជិះ​ម៉ូតូ​ទៅ​រៀន​អស់​សាំង​កណ្តាល​ផ្លូវ ​​និង​ធ្លាប់​ជួល​ផ្ទះ​ស្នាក់នៅ​តម្លៃ​ត្រឹម​ ១៥ដុល្លារក្នុង១ខែ​ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា ​​បានបញ្ជាក់​ឱ្យដឹង​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក កាលពី​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ យ៉ាង​ដូច្នេះ​ថា៖ “ខ្ញុំធ្លាប់ដើរទៅរៀនពីថ្នាក់ទី១ ដល់ថ្នាក់ទី៦។ ខ្ញុំធ្លាប់ជិះកង់ទៅរៀនពីថ្នាក់ទី៧ ​ដល់ថ្នាក់ទី១២ ហើយច្រវ៉ាក់​កង់​របូតជាញឹកញាប់។ ខ្ញុំធ្លាប់ជិះម៉ូតូទៅរៀនថ្នាក់បរិញ្ញាបត្រ ហើយអស់សាំងកណ្តាលផ្លូវ។ ខ្ញុំធ្លាប់ជួលផ្ទះតម្លៃ ១៥​ដុល្លារ​ក្នុង១ខែ ៣០ដុល្លារក្នុង១ខែ និង៥០ដុល្លារក្នុង១ខែ ដើម្បីស្នាក់នៅរៀនសូត្រ”។ ទោះ​យ៉ាងណា លោក​ឧកញ៉ា យល់​ថា​ការលំបាកទាំងអស់នេះ សុទ្ធតែជាស្ពានចម្លង​ឱ្យ​រូប​លោក​សន្សំ​បាន​នូវ​​ចំណេះដឹង។

ផ្តើមពីកូនកសិករក្រីក្រ ស្ថិតភូមិខ្សាច់កណ្ដាល ឃុំក្រូចឆ្មារ ស្រុក ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ (បច្ចុប្បន្ន​ខេត្តកំពង់ចាម) និងមានបងប្អូនចំនួន ៤នាក់ (ជាកូនប្រុសទី៣ ក្នុងគ្រួសារ) ឧកញ៉ា​ សំ សុខនឿន បានជម្នះការលំបាក​ទាំង​ឡាយ មកជាការខិតខំប្រឹងប្រែងរៀនសូត្រ ចេះសម្លឹង និងក្ដាប់យកឱកាស រហូតក្លាយជាអ្នកជំនួញ កំពុងឈរ​ជើង​យ៉ាងរឹងមាំលើវិស័យអចលនទ្រព្យ វិស័យអប់រំ វិស័យឧស្សាហកម្ម ក្រុមហ៊ុននាំចូលជីកសិកម្ម រួមចំណែក​ទ្រទ្រង់សេដ្ឋកិច្ចជាតិ ព្រមទាំងផ្ដល់ឱកាសការងារដល់ពលរដ្ឋខ្មែរជាច្រើននាក់ ហើយ​លោកឧកញ៉ា​តែងជួយ​ការងារសង្គម និងមនុស្សធម៌ជាហូរហែ។

សូម​ជម្រាប​ថា ឧកញ៉ា សំ សុខនឿន ត្រូវបាន​ព្រះករុណាព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ​ប្រោស​ព្រះរាជ​ទាន​គ្រឿង​ឥស្សរិយ​យស «ជាតូបការ» ​​កាលពី​ថ្ងៃទី​២០ ខែមេសា ឆ្នាំ២០២៣ និង​ត្រូវ​បាន​បំពាក់​ដោយ​ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាព​អនាគត​នាយករដ្ឋមន្ត្រី​ ក្នុង​ពិធី​សំណេះសំណាល និង​ពិសាអាហារសាមគ្គី ជាមួយ​សមាជិក សមាជិកា សភាពាណិជ្ជកម្ម​កម្ពុជា អាណត្តិ​ទី៥ ទូទាំង​ប្រទេស កាលពី​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ២០២៣៕