យោងតាមរដ្ឋាភិបាលវៀតណាម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធកន្លងទៅថា ក្រុមហ៊ុន Adani Group របស់ឥណ្ឌា កំពុងស្វែងរកលទ្ធភាព ក្នុងការបោះទុនវិនិយោគរហូតដល់ទៅ ៣ពាន់លានដុល្លារ នៅក្នុងគម្រោងកំពង់ផែ និងគម្រោងថាមពលកកើតឡើងវិញ ក្នុងប្រទេសវៀតណាម។
សារព័ត៌មាន Reuters បានរាយការណ៍ទៀតថា សេចក្តីថ្លែងការណ៍នេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំមួយ នៅក្នុងទីក្រុងហាណូយ រវាងនាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh និងលោក Karan Adani នាយកប្រតិបត្តិនៃគម្រោងកំពង់ផែ និងតំបន់សេដ្ឋកិច្ចពិសេស របស់ក្រុមហ៊ុន Adani Group ។
យ៉ាងណាមិញ លោក Chinh បានប្រាប់ទៅកាន់លោក Karan នៅក្នុងអំឡុងកិច្ចប្រជុំនេះថា ៖ ” វៀតណាម មានឆន្ទ:ខ្ពស់ ក្នុងការបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀត សម្រាប់ក្រុមហ៊ុនធំៗរបស់ឥណ្ឌា រួមទាំងក្រុមហ៊ុន Adani ក្នុងការវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងប្រទេស “។
ទន្ទឹមនឹងនេះ លោក Karan ក៏បានប្រាប់ទៅកាន់ នាយករដ្ឋមន្រ្តីវៀតណាមរូបនេះវិញផងដែរថា ក្រុមហ៊ុន Adani របស់ខ្លួន នឹងធ្វើការជាមួយដៃគូ និងអ្នកពាក់ព័ន្ធរបស់វៀតណាម ក្នុងពេលឆាប់ៗខាងមុខ ទៅលើគម្រោងវិនិយោគជាក់លាក់ ក្នុងប្រទេសនេះ ហើយចំពោះការវិនិយោគ អាចនឹងកើនឡើងដល់ ១០ពាន់លានដុល្លារ ក្នុងរយ:ពេលវែងទៅមុខទៀត ៕