CEO វ័យក្មេង ម្ចាស់កំពង់ផែពហុបំណងតម្លៃ ១,៥ពាន់លានដុល្លារ ទទួលបានគោរមងារ «អ្នកឧកញ៉ា»

ជុំវិញ​ឧកញ៉ា

ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ​​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ​​​​​បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ លោក មាស ធំ ម្ចាស់កំពង់ផែពហុបំណង​កំពត​ ជា «អ្នកឧកញ៉ា» ​​​​​​​កាល​ពី​​ថ្ងៃទី​២០ ខែមេសា ឆ្នាំ២០២៣ តបតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
អ្នកឧកញ៉ា មាស ធំ (កណ្តាល)

លោក មាស ធំ ​​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អ្នកជំនួញ​វ័យក្មេង​មួយ​រូប និង​ជា​អគ្គនាយក​ក្រុមហ៊ុន កំពត ឡូជីស្ទីក អេន ផត ឯ.ក (Kampot Logistics and Port Co., Ltd)។ ក្រុមហ៊ុន កំពត ឡូជីស្ទីក អេន ផត ឯ.ក ជា​ក្រុមហ៊ុន​ ដែល​បាន​វិនិយោគ​លើ​​មជ្ឈមណ្ឌល​ភ័ស្ដុភារកម្ម និង​កំពង់ផែ​ពហុបំណង​កម្រិត​អន្តរជាតិ​តម្លៃ​ប្រមាណ ១,៥០០ លាន​ដុល្លារ​អាមេរិក នៅលើមានផ្ទៃដីរហូតដល់ទៅ ៦០០ហិកតា មាន​ទីតាំងនៅ​សង្កាត់​ព្រែកត្នោត ក្រុង​បូកគោ ខេត្តកំពត និង​បាន​បើក​ការដ្ឋានសាងសង់​ជា​ផ្លូវការ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងដែនី នគរូបនីយកម្ម និងសំណង់ តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា កាលពី​ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២។

កាលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣​កន្លង​ទៅ​ថ្មីៗ​នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាសាងសង់ កំពង់ផែ​ពហុបំណងកំពត រវាងក្រមហ៊ុន កំពត ឡូជីស្ទីក អេន ផត ឯ.ក និងក្រុមហ៊ុន ឆាយណា ហាបើរ​ អេនជីនារីង ខមភេនី អិលធីឌី ដើម្បីអនុញ្ញាតឱ្យក្រុមឆាយណា ហាបើរ ចាប់ផ្តើមធ្វើការសាងសង់​នូវកំពង់ផែដ៏ថ្មី​សន្លាង​មួយនេះ។ ពិធី​ចុះ​ហត្ថលេខា​ ត្រូវ​បាន​ធ្វើ​ឡើង​​នៅ​​សណ្ឋាគារ Hyatt Regency Phnom Penh ដែលចុះហត្ថលេខា​ដោយអ្នកឧកញ៉ា មាស ធំ អគ្គនាយកក្រុមហ៊ុនកំពត ឡូជីស្ទីក អេន ផត ឯ.ក និងលោកស្រី LAN QIULI នាយកគ្រប់គ្រងនៃការិយាល័យ China Harbour Cambodia រួមទាំងអ្នកចូលរួមជាច្រើន​រូប​ទៀត។

សូម​ជម្រាប​ថា បើ​តាមលោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា មជ្ឈមណ្ឌល​ភ័ស្ដុភារកម្ម និង​កំពង់ផែ​ពហុបំណង​​កំពត​ របស់អ្នកឧកញ៉ា មាស ធំ នឹងត្រូវ​សាងសង់​លើ​ផ្ទៃដី​កម្មសិទ្ធិ​ទំហំ ៦០០ ​ហិកតា និង​មាន​ជម្រៅ​ទឹក​ ១៥ ​ម៉ែត្រ​ ដែល​អាចឱ្យ​នាវា​ចំណុះ ១០ ​ម៉ឺន​តោន​ចូល​ចត​បាន​។ លោក​បន្ត​ថា ការសាងសង់​មជ្ឈមណ្ឌល​ភ័ស្តុភារកម្ម និង​កំពង់ផែ​ពហុបំណង​នេះ ជា​ការចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​ ឱ្យបាន​រុងរឿង​បន្ថែមទៀត និង​ជួយ​ឱ្យ​កម្ពុជា​ឈានទៅ​សម្រេច​​បាន​នូវ​ផែនការ​ក្លាយជា​ប្រទេស​មាន​ប្រាក់ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ២០៥០៕