ប្រជាពលរដ្ឋនៅឃុំកោះពីរ ងាកមករកប្រាក់ចំណូលពីការដាំដុះក្រូចថ្លុង សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ

អាជីវកម្ម

ប្រជាសពលរដ្ឋប្រហែល៦០០គ្រួសារ រស់នៅក្នុងឃុំកោះពីរនៃស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ បានបោះបង់ស៊ឹងតែទំាងស្រុង ពីរបរដំាដើមគរនិងដើមឬស្សី បានងាកមកធ្វើការដុះដាំដើមក្រូចថ្លុងវិញនៅប៉ុន្មានឆ្នំាចុងក្រោយនេះនៅពេលដែលផ្លែក្រូចថ្លុងលក់បានថ្លៃនិងមានទីផ្សារ ស្របពេលសមាគមអ្នកផលិតនិងអាជីវករក្រូចថ្លុងកោះពីរបានបង្កើតឡើងនិងទទួលស្គាល់ជាផ្លូវការពីក្រសួងពាណិជ្ជកម្មកន្លងមកថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក លូង ហ៊ុន ប្រធានសមាគមអ្នកផលិត និងអាជីវករក្រូចថ្លុងកោះពីរ បានឱ្យដឹងថា នៅពេលកន្លងមកក៏ដូចជានាសព្វថ្ងៃនេះប្រជាពលរដ្ឋរស់នៅឃុំកោះពីរបាននិងកំពុងជំរុញការដាំដុះក្រូចថ្លុងប្រហែល៤០០គ្រួសារ។

លោកលើកឡើងថា កន្លងទៅប្រជាពលរដ្ឋរស់នៅកោះពីរបានធ្វើការដំាដុះដំណាំផ្សេងៗដែរ តែមិនសូវបានផល តែនៅពេលឃើញថាក្រូចថ្លុងកោះពីរអាចលក់បានថ្លៃសមរម្យ ពលរដ្ឋក្នុងតំបន់បានងាកមកដំាក្រូចថ្លុងព្រោះមានទីផ្សារ។

បើតាមប្រធានសមាគមអ្នកផលិត និងអាជីវករក្រូចថ្លុងកោះពីរ សព្វថ្ងៃប្រជពលរដ្ឋរស់នៅលើកោះពីរមានប្រហែល៦០០គ្រួសារ ពួកគាត់តែងតែខិតខំថែទំាក្រូចថ្លុងនិងដំាក្រូចថ្លុងបន្តបន្ទាប់តំាងពីដើមមក ហើយចូលមកដល់ឆ្នំា២០២៣នេះពួកគាត់បានសម្រុកការដំាដុះស៊ឹងតែអស់ដីដំាដែលនៅទំនេរ ទោះបីមួយរយៈចុងក្រោយនេះការដំាដុះក្រូចថ្លុងវាមិនសូវលូតលាស់ល្អដូចកាលពីមុន ព្រោះមិនសូវមានដីល្បាប់ហូរចូល និងមានអាកាសធាតុក្តៅ។

លោកបញ្ជាក់ថា «ក្រូចថ្លុងកោះពីរចែកចេញជាពីរប្រភេទ គឺក្រូចថ្លុងធម្មតា១ឡូត៍ថ្លៃពី២ម៉ឺនទៅ៣ម៉ឺនរៀល ចំណែកក្រូចថ្លុងផ្អែមក្នុង១ឡូត៏ថ្លៃពី៤ម៉ឺនទៅ៥ម៉ឺនរៀលនៅលើទីផ្សារនាពេលកន្លងមកក៏ដូចជាសព្វថ្ងៃ ខណៈក្រូចថ្លុងកោះពីរ ក្រុមឈ្មួញទិញពីប្រជាកសិករយកទៅចែកចាយលក់បន្តនៅផ្សារស្គន់ និងក្រុងភ្នំពេញ»។

លោក លូង ហ៊ុន បន្តថាក្រោយសមាគមមានការចុះបញ្ជីបានរួចរាល់មក ប្រជាពលរដ្ឋរស់នៅលើកោះពីរ ពួកគាត់មានការត្រេកអនិងសប្បាយចិត្ត និងខិតខំថែទំាដើមក្រូចថ្លុងរបស់ខ្លួន ហើយសម្រាប់ពលរដ្ឋមិនទាន់បានដំាដុះពួកគាត់ចាប់ផ្តើមបន្តដំាបន្ថែម ហើយបើសិនជានៅថ្ងៃខាងមុខនេះផលិតផលឬផ្លែក្រូចថ្លុងកោះពីរមានម៉ាកសញ្ញាបិទសម្គាល់ រំពឹងថាតម្លៃក្រូចថ្លុងកោះពីរលក់បានថ្លៃជាងនៅពេលសព្វថ្ងៃនេះហើយជួយ
ឱ្យជីវភាពប្រជាពលរដ្ឋល្អប្រសើរ៕

អត្ថបទ៖សារេត