សម្តេចតេជោ ហ៊ុន សែន៖ បច្ចុប្បន្ន រោងចក្រ និងសហគ្រាសនៅកម្ពុជា​បានកើនដល់ជិត២ម៉ឺន អាចផ្តល់ការងារជូនពលរដ្ឋរហូត១,៥ លាននាក់

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា កត្តាសុខសន្តិភាពភាព និងស្ថិរភាពនយោបាយ ជាកត្តាសត្យានុម័តមិនអាចប្រកែកបាន ដែលបានផ្តល់ឱកាសឱ្យកម្ពុជាយើងទាក់ទាញវិនិយោគពីបរទេសមកជាបន្តបន្ទាប់។ជាក់ស្តែង បើគិតមកដល់ពេលនេះ រោងចក្រនៅកម្ពុជាកើនដល់ជិត២ម៉ឺន អាចផ្តល់ការងារជូនពលរដ្ឋរហូតដល់ ១ លាន ៥ សែននាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន នាពេលនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ ក្នុងពេលអញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតនៅទីតាំងរោងចក្រ ម៉ាវ៉ល ហ្កាមិន (Marvel Garment) ក្នុងតំបន់ សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (ROYAL GROUP PIINOM PENH SEZ)។

នាឱកាសនោះ សម្តេចតេជោ បានប្រកាសថា កត្តាសន្តិភាព និងស្ថិរភាពនយោបាយ ជាកត្តាសត្យានុម័តមិនអាចប្រកែកបាន ដើម្បីទាក់ទាញ កៀរគរ វិនិយោគិន មកបណ្តាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជា។ សម្តេចបញ្ជាក់ថា «គ្មានការវិនិយោគណា ធ្វើឡើងក្រោមគ្រាប់បែកគ្រាប់ផ្លោងនោះទេ»។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា៖« យើងមិនអាចផ្លាស់ប្តូរអតីតកាលបានឡើយ តែយើងអាចរំលឹកពីអតីតកាល ដើម្បីជាកត្តាឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែង នៃការរីកចម្រើននាពេលបច្ចុប្បន្ននៅកម្ពុជា»។

ដោយសម្ដេចតេជោ ហ៊ុន សែន បានរម្លឹកដែរថា កាលពីឆ្នាំ១៩៩៧ រោងចក្រនៅក្នុងប្រទេសកម្ពុជាមានតែជាង ៦៤ រោងចក្រប៉ុណ្ណោះ មានកម្មករ ៨ ម៉ឺននាក់ ទំហំនៃការនាំចេញមាន ២៧០ លានដុល្លារ។ ហើយពេលនោះកម្មករ ៨ ម៉ឺននាក់នេះ ទទួលបានប្រាក់ខែត្រឹមតែ ៤០ដុល្លារអាមេរិកទេ។

បើតាមសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងដែរថា បច្ចុប្បន្ននៅទូទាំងប្រទេសកម្ពុជា មានរោងចក្រទៅដល់ ១៣២៦ រោងចក្រ ជាមួយនឹងកម្មករជាង ៨៤ ម៉ឺននាក់។ ដោយឡែក បើគិតត្រឹមឆ្នាំ២០២៣នេះដែរ រោងចក្រ សហគ្រាសនៅទូទាំងប្រទេសកម្ពុជាទាំងអស់មានចំនួន ១៧០០០ រោងចក្រ មានកម្មកររហូតដល់ ១ លាន ៥ សែននាក់ ដែលនេះជាចំនួននៃការកើនឡើងសម្រាប់ប្រទេសកម្ពុជា។ សម្តេចតេជោ អះអាងដែរថា៖« ការនាំចេញលើវិស័យកាត់ដេររបស់យើងមានកាន់តែធំ និងពីមួយឆ្នាំទៅឆ្នាំការនាំចេញមានការកើនឡើងគួរឱ្យកត់សម្គាល់ គឺដោយសារតែយើងពឹងពាក់លើការនាំចេញទៅកាន់ទីផ្សារច្រើនកន្លែង»៕

អត្ថបទ​៖ ពិសី