មួយរយៈចុងក្រោយនេះ សាធារណៈជនមួយចំនួន មានការយល់ច្រឡំច្រើនទៅលើការប្រើប្រាស់ពាក្យ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ប៉ះពាល់ដល់វិស័យអចលនទ្រព្យទាំងមូល និងប៉ះពាល់ដល់អ្នកប្រកបអាជីវកម្មផ្នែកអចលនទ្រព្យដែលត្រឹមត្រូវ ក្នុងនោះដូចជាការយល់ច្រឡំទៅលើពាក្យ “លក់ដីខ្យល់”។
ទាក់ទងនឹងពាក្យខាងលើនេះ លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល និងជាអ្នកជំនាញអចលនទ្រព្យនៅកម្ពុជា បានថ្លែងប្រាប់ដល់ ឧកញ៉ា ញូស៍ និងបានពន្យល់យ៉ាងដូច្នេះថា ពាក្យថា “លក់ដីខ្យល់” ក្នុងវិស័យអចលនទ្រព្យ មានន័យថា ជាការលក់ដីទៅឱ្យនរណាម្នាក់ ប៉ុន្តែដីនោះគ្មានទេសម្រាប់អ្នកទិញ ហើយជាការទិញលក់រវាងអ្នកលក់ និងអ្នកទិញ ដែលអ្នកលក់មិនមានដីផ្តល់ឱ្យអ្នកទិញ។
លោកឧកញ៉ា បានបន្តថា បើសិនជាការលក់ទាំងឡាយណាដែលមានដីពិតប្រាកដទៅឱ្យអ្នកទិញ នោះមិនមែនមានន័យថាជាការលក់ដីខ្យល់នោះទេ។ ចំណែកឯការលក់ដីទៅឱ្យអ្នកទិញ ប៉ុន្តែមានការយឺតយ៉ាវក្នុងការផ្ទេរកម្មសិទ្ធិតិចតួច វាមិនមែនមានន័យថាជាការលក់ដីខ្យល់នោះទេ។ អ្នកខ្លះលក់ដីពិតប្រាកដ ទៅឱ្យប្រជាពលរដ្ឋ ឬអ្នកទិញពិតប្រាកដ គ្រាន់តែយឺតយ៉ាវផ្ទេរកម្មសិទ្ធិក្នុងការគ្រប់គ្រងកាន់កាប់ មិនចាត់ទុកថាជា “ការលក់ដីខ្យល់” ទេ។
“ដើមហេតុនៃការលក់ដីខ្យល់ ឧទាហរណ៍ថា ដីនោះម្ចាស់គម្រោងបានទិញដីពីម្ចាស់ដើមទី១ ប៉ុន្តែពេលខ្លះគាត់បានដាក់លក់ទៅឱ្យអតិថិជនរបស់គាត់ ទាំងដែលគាត់មិនទាន់បានទិញពីម្ចាស់ដើមបាន១០០% ឬមិនទាន់បានបង់លុយឱ្យគេគ្រប់ផង ក៏យកទៅពុះឡូត៍លក់ឱ្យអតិថិជន។ នៅពេលដែលម្ចាស់គម្រោង មិនមានលុយឱ្យម្ចាស់ដីដើមគ្រប់ នោះម្ចាស់ដើមគេយកដីវិញ ដូច្នេះម្ចាស់គម្រោងក៏គ្មានដីជូនប្រជាពលរដ្ឋ ឬអ្នកទិញ ដែលហៅថា លក់ដីខ្យល់”។ លោកឧកញ៉ា បានបន្ថែម។
រីឯហេតុផលមួយទៀត លោកឧកញ៉ា លើកឡើងថា ឧទាហរណ៍មានអ្នកខ្លះទិញដីបានតែ ៣០ហិកតាទេ ប៉ុន្តែពុះដីឡូត៍លក់រហូតដល់ ៦០ហិកតា ខណៈដែលដី៣០ហិកតា មិនទាន់បានទិញពីម្ចាស់ដើមទេ តែហ៊ានយកទៅលក់ជូនប្រជាពលរដ្ឋ ដោយសង្ឃឹមថាខ្លួននឹងអាចទិញដីទាំងអស់នេះបាន។ ផ្ទុយទៅវិញ ម្ចាស់គម្រោងមិនអាចទិញដីពីម្ចាស់ដើមនោះបានទេ ហើយនេះជាដើមហេតុនៃការលក់ដីខ្យល់ដែរ។
លោកឧកញ៉ា សំ សុខនឿន បានបញ្ជាក់បន្ថែមថា បើសិនជាអ្នកអភិវឌ្ឍន៍ទាំងឡាយណា មានដីឱ្យអតិថិជនពិតប្រាកដ មានផ្ទះជូនអតិថិជនពិតប្រាកដ គ្រាន់តែការប្រគល់ជូនមានការយឺតយ៉ាវ ឬការកាត់ប្លង់ជូនអតិថិជនមានការយឺតយ៉ាវ ឬប្រគល់ផ្ទះឱ្យអតិថិជនមានការយឺតយ៉ាវ នោះគេមិនហៅថា ជាការលក់ដីខ្យល់ ឬជាការបោកប្រាស់នោះទេ ហើយនោះជាការលក់ដោយស្របច្បាប់ត្រឹមត្រូវហើយ គ្រាន់តែអតិថិជនទទួលបានអចលនទ្រព្យមកគ្រប់គ្រង មានការយឺតយ៉ាវតិចតួចប៉ុណ្ណោះ៕