អ្នកជំនាញ ចង់ឃើញរាជរដ្ឋាភិបាលលើកទឹកចិត្តដល់ធនាគារផ្តល់ប្រាក់កម្ចី​ដើម្បីធ្វើឱ្យវិស័យអចលនទ្រព្យប្រសើរឡើងវិញ

សង្គម​ និង​សេដ្ឋកិច្ច

ស្របពេលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ចេញសេចក្តីប្រកាសរួមគ្នាលើកលែងការបង់សេវាសាធារណៈទៅលើចំណុចសំខាន់មួយចំនួន​ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នំា២០២៣ ត្រូវបានអ្នកជំនាញក្នុងវិស័យចំណង់និងអចលនទ្រព្យ ចង់ឃើញរាជរដ្ឋាភិបាលគួរមានការលើកទឹកចិត្តដល់ប្រព័ន្ធធនាគារមានការផ្តល់ប្រាក់កម្ចីអតិថិជន ដែលមានតម្រូវការវិស័យអចលនទ្រព្យដើម្បីធ្វើឱ្យការដោះដូរមានប្រភាពប្រសើរឡើងវិញនាពេលខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century 21 Mekong យល់ឃើញថា យោងតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដីនិងនគរូបនីយកម្មនិងសំណង់ប្រកាសលើកលែងបង់សេវាសាធារណៈថ្មីៗនេះ ភាគច្រើនផ្តល់ការលើកទឹកចិត្តទៅដល់អ្នកអភិវឌ្ឍ ដើម្បីជួយសម្រួលបែបបទរដ្ឋបាលឱ្យមានដំណើរការរលូន។

លោក ច្រឹក សុខនីម សង្កត់ធ្ងន់ថា«ទំាងអស់នេះវាគ្រាន់តែជាផ្នែកមួយជ្រុងគំាំទ្រទៅលើវិស័យនេះទេ ទោះបីជួយសម្រួលប៉ុណ្ណឹង ក៏ឱ្យវិស័យនឹងងើបឬរីកចម្រើនបានលឿន ខ្ញុំមើលទៅក៏មិនបានច្រើនពេកដែរ។អ្វីដែលជាគន្លឹះសំខាន់នោះគឺរាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគួរជំរុញនិងផ្តល់ការលើកទឹកចិត្តច្រើនទៅលើការផ្តល់ប្រាក់កម្ចីសម្រាប់អតិថិជន ។ដូច្នេះឥទ្ធិពលនៅក្នុងការដោះដូរនៅក្នុងវិស័យអចលនទ្រព្យវាមានភាពប្រសើរឡើងវិញហើយ»។

បើតាមលោក ច្រឹក សុខនីម ថាឥឡូវខាងធនាគារក៏មានការរឹតត្បិត ក្នុងការកាត់បន្ថយការបញ្ចេញឥណទាន អ៊ីចឹងវាធ្វើឱ្យបញ្ហាប្រឈមនៅក្នុងទីផ្សារនេះជួបឧបស័គ្គធំរួម ទោះបីជាការលើកលែងបង់ថ្លៃសេវាសាធារណៈពីក្រសួង តែមិនអាចដោះស្រាយបញ្ហាទំាងអស់បានទេ។

លោកលើកឡើងថា មកដល់បច្ចុប្បន្ននេះ ភាគច្រើនតម្លៃនៃការដោះដូរមានភាពទ្រឹង ហើយចំនួននៃការដោះដូរក៏មិនសូវបានច្រើនដែរនៅក្នុងរយៈពេល៦ខែចុងក្រោយនៃឆ្នំា២០២៣ ។នេះយន្តការដែលយើងមានការព្រួយបារម្ភសម្រាប់រយៈពេលខាងមុខ ។

លោក ច្រឹក សុខនីម មានប្រសាសន៍ថា«ជាទស្សនៈរបស់ខ្ញុំ រាជរដ្ឋាភិបាលគួរតែលើកទឹកចិត្តខ្លះទៅលើប្រព័ន្ធធនាគារដើម្បីជួយជំរុញឱ្យវិស័យអចលនទ្រព្យនេះកាន់តែទទួលបាននៅភាពរឹងមាំ ធ្វើជាសរសរទ្រូងនៅក្នុងវិស័យសេដ្ឋកិច្ចនាពេលអនាគត ពីព្រោះថាបើវិស័យនេះទទួលរងផលប៉ះពាល់ខ្លំាង ដូច្នេះវិស័យសេដ្ឋកិច្ចក៏ជួបបញ្ហាប្រឈម»៕

អត្ថបទ៖សារេត