ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងធុរកិច្ច និងពាណិជ្ជកម្មចក្រភពអង់គ្លេស បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីការបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នា ជាលើកដំបូងកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ខណៈដែលទំហំពាណិជ្ជកម្មសរុបទ្វេភាគីមាន៩៧៧.៤៣ លានដុល្លារអាម៉េរិកក្នុងឆ្នំា២០២២។
លោក បាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា «វេទិកាពាណិជ្ជកម្មនិងវិនិយោគរួមគ្នារវាងកម្ពុជា-ចក្រភពអង់គ្លេស ជាជំហានវិជ្ជមានក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរប្រកបដោយនិរន្តរភាព និងបង្ហាញអំពីឆន្ទៈរបស់ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីរួមចំណែកធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសវិនិយោគនិងធុរកិច្ច និងជំរុញពិពិធកម្មសេដ្ឋកិច្ចជាតិ»។
ពាក់ព័ន្ធនិងការចុះអនុស្សរណៈយោគយល់រវាងកម្ពុជា អង់គ្លេសនេះ ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា« ខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីការបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នានេះ ត្រូវបានសិក្សា និងពិគ្រោះយោបល់ដោយមន្ត្រីជំនាញរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរយ៉ាងយកចិត្តទុកដាក់ ដែលធ្វើឡើងក្នុងគោលបំណងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ជាពិសេសតាមរយៈការជំរុញការនាំចេញផលិតផលសក្ដានុពលរបស់កម្ពុជាទៅកាន់ទីផ្សារចក្រភពអង់គ្លេស ដែលក្នុងនោះរួមមានកសិផល និងផលិតផលឧស្សាហកម្ម និងបង្កើនការនាំចូលការវិនិយោគអង់គ្លេសមកកាន់កម្ពុជា»។
បន្ទាប់ពីពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា សហប្រធានទាំងពីរបានប្រកាសបើកជាផ្លូវការវេទិកាពាណិជ្ជកម្មនិងវិនិយោគរួមគ្នារវាងកម្ពុជា-ចក្រភពអង់គ្លេសលើកទីមួយ ដែលវេទិកានេះមានរបៀបវារៈសំខាន់ៗ(១) បទបង្ហាញស្ដីពីបច្ចុប្បន្នភាពនៃគោលនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលទាំងពីរ (២) កិច្ចពិភាក្សាគោលនយោបាយស្ដីពីប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ និងច្បាប់វិនិយោគថ្មីរបស់កម្ពុជាផ្សាភ្ជាប់ទៅនឹងទស្សនៈវិស័យកំណើនបៃតងប្រកបដោយភាពធន់។
បន្ថែមពីនេះ វេទិកានេះ ក៏មានរៀបចំកិច្ចជំនួបពិភាក្សាអំពីគោលនយោបាយពាណិជ្ជកម្ម ដែលធ្វើឡើងរវាងតំណាងអន្តរក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងសភាពាណិជ្ជកម្មអង់គ្លេសនៅកម្ពុជា និងរវាងតំណាងរាជរដ្ឋាភិបាលអង់គ្លេស ជាមួយនឹងសភាពាណិជ្ជកម្មកម្ពុជា ដើម្បីចែករំលែកអំពីបច្ចុបុ្បន្នភាពនៃការអនុវត្តគោលនយោបាយថ្មីៗ និងស្វែងរកកាលានុវត្តភាពក្នុងការបង្កើនទំហំពាណិជ្ជកម្មទំនិញនិងសេវា និងការវិនិយោគ។
យោងតាមរបាយការណ៍នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបង្ហាញថា ចក្រភពអង់គ្លេស គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជានាពេលកន្លងមក ដែលទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងឆ្នាំ២០២២ សម្រេចបានទឹកប្រាក់សរុបប្រមាណ ៩៧៧.៤៣ លានដុល្លារអាម៉េរិក ជាមួយនឹងកំណើន ២៤.៤២% បើធៀបនឹងឆ្នាំ២០២១៕
អត្ថបទ៖សារេត