ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបង្ហើបឱ្យដឹងថា មូលហេតុដែលវិនិយោគិនចិន មកវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើងៗ គឺដោយសារមានកត្តាអំណោយផលមួយចំនួនដូចជា គោលនយោបាយទាក់ទាញរបស់រាជរដ្ឋាភិបាលកម្ពុជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក-ចិន។
លោកឧកញ៉ា បានថ្លែងឱ្យដឹងកាលពីពេលថ្មីៗនេះយ៉ាងដូច្នេះថា៖ “ចំពោះអ្នកវិនិយោគចិន ដែលបានមកវិនិយោគនៅប្រទេសកម្ពុជាច្រើន ជាគោលនយោបាយទាក់ទាញវិនិយោគរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ទាំងបណ្តាប្រទេសផ្សេងៗ មិនត្រឹមតែប្រទេសចិនប៉ុណ្ណោះទេ។ រីឯអ្នកវិនិយោគចិន មកកម្ពុជាច្រើន ដោយសារយើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា-ចិន ផង ជាពិសេសសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន ក៏ជាចំណែកមួយដែរ ដែលធ្វើឱ្យក្រុមហ៊ុនចិន មកវិនិយោគនៅកម្ពុជា ដែលមានលទ្ធភាពនាំចេញទៅកាន់សហរដ្ឋអាមេរិក តាមរយៈការអនុគ្រោះពន្ធ GSP ក៏ដូចជា EBA របស់សហគមអឺរ៉ុប។
ឧកញ៉ា លឹម ហេង បានបន្ថែមទៀតថា ចំពោះអ្នកវិយោគចិន មកកម្ពុជាកាន់តែច្រើននេះ យើងមិនបារម្ភនោះទេ ហើយការវិនិយោគមិនថាជាតិសាសន៍ណាទេ គឺប្រទេសកម្ពុជាយើង មានច្បាប់គ្រប់គ្រង ដូចជា ច្បាប់វិនិយោគថ្មី និងច្បាប់ស្តីពីសញ្ជាតិ ជាដើម។ ដូច្នេះមិនថា ការវិនិយោគរបស់សាសន៍ណាច្រើនជាងសាសន៍ណានោះទេ ប៉ុន្តែវាស្ថិតនៅលើការអនុវត្តច្បាប់។
គួរបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសចិន រយៈពេល៣ថ្ងៃ កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ក៏បានប្រកាសធានាជូនវិនិយោគិនចិនគ្រប់រូប នូវបរិស្ថានវិនិយោគប្រកបដោយភាពអំណោយផល សម្រាប់ការវិនិយោគនានា នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ជាពិសេសកម្ពុជា កំពុងមានសុខសន្តិភាព សន្តិសុខល្អ ស្ថេរភាពនយោបាយ ព្រមទាំងមានលំនឹងម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័ន ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ផងដែរ៕