សម្តេចតេជោ ហ៊ុន សែន នឹងមិនអត់ឱនដល់អ្នកនៅពីក្រោយការកាប់ទន្ទ្រានដីព្រៃរដ្ឋទាំងអស់នេះទេ

សង្គម​ និង​សេដ្ឋកិច្ច

តាមរយៈសារជាសំឡេងពាក់ព័ន្ធនឹងការទប់ស្កាត់ការកាប់ព្រៃឈើទន្ទ្រានយកដីពីសំណាក់ជនខិលខូច សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅយប់ថ្ងៃទី៥ ខែមិថុនានេះបានបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធបញ្ជូនកម្លាំងចាត់វិធានការជាបន្ទាន់ ដើម្បីបង្ក្រាបការកាប់ព្រៃឈើទន្ទ្រានយកដីយ៉ាងអាណាធិបតេយ្យ ដោយសម្តេចនឹងមិនអត់ឱនដល់អ្នកនៅពីក្រោយការកាប់ទន្ទ្រានដីព្រៃរដ្ឋទាំងអស់នេះទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ បានបញ្ជាក់ថា កន្លងទៅនិងថ្មីៗនេះ សម្តេចទទួលបានព័ត៌មានជាបន្តបន្ទាប់ពីករណីក្រុមជនខិលខូចចាប់ផ្តើមធ្វើសកម្មភាពកាប់ទន្រ្ទាដីព្រៃរដ្ឋយកធ្វើជាកម្មសិទ្ធិ។ សម្តេចកត់សម្គាល់ថា ករណីនេះកើតឡើងនៅរៀងរាល់ជិតដល់ការបោះឆ្នោតមកដល់។

ទន្ទឹមនឹងនេះសម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំទៅក្រសួងពាក់ព័ន្ធជាពិសេសក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវបញ្ចេញកម្លាំងរារាំងគ្រប់លទ្ធភាពទាំងអស់ ដើម្បីកម្ចាច់ចោលក្រុមខិលខូច។

សម្តេចតេជោបានសង្កត់ធ្ងន់ថា នឹងមិនអត់ឱនដល់អ្នកនៅពីក្រោយការកាប់ទន្ទ្រានដីព្រៃរដ្ឋទាំងអស់នេះទេ ទោះបីជាពួកគេមានអំណាចបុណ្យស័ក្កិធំយ៉ាងណាក៏ដោយ ហើយសម្តេចឲ្យដកខ្លួនចេញជាបន្ទាន់៕