រាជរដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាសរុបចំនួន ៦៣៧,៨៣៨ ដុល្លារអាម៉េរិកដល់អង្គភាពទទួលជំនួយមួយ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងគោលបំណងលុបបំបាត់អំពើ ហិង្សាលើកុមារនៅតាមសាលារៀននៅក្នុងប្រទេសកម្ពុជា។
ពិធីចុះកិច្ចសន្យា ផ្តល់ជំនួយខាងលើនេះ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ដោយលោក អ៊ូអ៊ណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ជាមួយតំណាងស្ថាប័នទទួលជំនួយសម្រាប់អនុវត្តគម្រោងនេះ។
នាឱកាសនោះ លោក អ៊ូអ៊ណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន បានបញ្ជាក់ថា សម្រាប់គម្រោងលុបបំបាត់អំពើហិង្សាលើកុមារនៅតាមសាលារៀនក្នុងខេត្តកំពង់ចាមដែលជាឆ្នាំទី ២ ដោយក្នុងគម្រោងនេះអង្គការ Save the Children Japan នឹងអនុវត្តសកម្មភាពលើកកម្ពស់ការយល់ដឹងដល់កុមារ ឪពុកម្ដាយ និងបុគ្គលិកអប់រំ បង្កើតប្រព័ន្ធការពារកុមារនៅតាមសាលារៀន (SECPM) និងតស៊ូមតិដើម្បីកិច្ចការពារកុមារនៅតាមសាលារៀន ក្នុងគោលបំណងលុបបំបាត់អំពើ ហិង្សាលើកុមារនៅតាមសាលារៀន។
លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់បន្តថា៖« តាមរយៈគម្រោងនេះសិស្សប្រមាណ ១២,០០០នាក់ និងគូបង្រៀនចំនួន ៤៤០នាក់ នៃសាលារៀនគោលដៅ នឹងអាចទទួលបានអត្ថប្រយោជន៍ពីបរិស្ថានគ្មាន អំពើហិង្សាដែលមានសុវត្ថិភាព និងមានលក្ខណៈបរិយាបន្នជាងមុនដែលនឹងនាំឱ្យមានភាពប្រសើរ ឡើងនូវការលូតលាស់ប្រកបដោយសុខភាពល្អ និងសុខុមាលភាពរបស់កុមារ»។
បើតាមស្ថានទូតជប៉ុន បានបញ្ជាក់ឱ្យដឹងដែរថា ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរាជរដ្ឋាភិបាលជប៉ុន បានចាប់ផ្ដើមនៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរាជរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន ដោយចាប់តាំងពីឆ្នាំ ២០០២ មករដ្ឋាភិបាលជប៉ុនបានផ្ដល់ថវិកាជាង ៥០លានដុល្លារដល់គម្រោងចំនួន ១៥២ ដែលផ្ដោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និង សកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា៕