លោកឧកញ៉ា លី ប៉ោយូ អ្នកជំនួញចាស់វស្សាមួយរូបនៅខេត្តស្វាយរៀង បានទទួលសិទ្ធិវិនិយោគចំណតរថយន្ត ក្រុងបាវិត រយៈពេល ៣០ឆ្នាំ តាំងពីឆ្នាំ២០០៧ រហូតដល់ឆ្នាំ២០៣៧។
តាមលិខិតបំភ្លឺមួយរបស់លោក ជៀង អំ អតីតអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានឱ្យដឹងថា ដីចំណតរថយន្តក្រុងបាវិត ដើមឡើយជាដីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងសុខាភិបាល។ នៅអំឡុងឆ្នាំ២០០៧ អភិបាលខេត្តបានស្នើសុំទៅរាជរដ្ឋាភិបាល ដើម្បីសាងសង់ចំណតរថយន្ត ដោយរៀបចំឱ្យមានកន្លែងភោជនីយដ្ឋាន កន្លែងភ្ញៀវរង់ចាំ និងបន្ទប់អនាម័យ។
លិខិតដដែល បានបញ្ជាក់ថា ដោយសារតែស្ថានភាពដីពេលនោះ មានសភាពជ្រៅ សាលាខេត្តគ្មានលទ្ធភាពចាក់ដីបំពេញ ក៏បានស្វែងរកអ្នកវិនិយោគ ហើយអាជ្ញាធរខេត្តបានយល់ព្រមឱ្យលោកឧកញ៉ា លី ប៉ោយូ ធ្វើការវិនិយោគរយៈពេល ៣០ឆ្នាំ (២០០៧ ដល់ ២០៣៧) ដោយចំណាយទុនសរុបចំនួន ១,៨៣១,៣២៥,៦០០ រៀល ដោយមានការឯកភាពជាគោលការណ៍ពីក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ការវិនិយោគនេះ លោកឧកញ៉ា លី ប៉ោយូ មានកាតព្វកិច្ចបង់ថវិកាជូនខេត្តចំនួន ៦០លានរៀលក្នុង១ឆ្នាំ ហើយ៥ឆ្នាំ ដំឡើង ១០% និងត្រូវអនុវត្តតាមកិច្ចសន្យាជាមួយសាលាខេត្តចំនួន ១១ចំណុចផ្សេងទៀតផងដែរ។
សូមជម្រាបថា ឧកញ៉ា លី ប៉ោយូ គឺជាអគ្គនាយកកាស៊ីណូ ពិភពថ្មី នៅក្រុងបាវិត និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា។ ជានិច្ចកាល លោកឧកញ៉ា តែងតែចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន ជួយដល់សង្គមជាតិ ដូចជាលោកបានឧបត្ថម្ភថវិកាចំនួន ៥ពាន់ដុល្លារ ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ២០២៣ ខណៈដែលកាលឆ្នាំ២០២២ លោកឧកញ៉ា ក៏បានបរិច្ចាគថវិកាចំនួន២០,០០០ដុល្លារអាមេរិក ចូលរួមជាមួយកាកបាទក្រហមកម្ពុជា ព្រមទាំងការបរិច្ចាគថវិកាជួយកិច្ចការសប្បុរសធម៌ជាច្រើនទៀត៕