ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន​សម្រាប់ឆ្នាំ២០២៣ នឹងចាប់ផ្ដើមពីថ្ងៃ០១មិថុនាដល់៣០វិច្ឆិកា

សង្គម​ និង​សេដ្ឋកិច្ច

យោងតាម​សេចក្ដីជូនដំណឹង​ស្ដីពី​ការ​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ ២០២៣ របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ចុះ​កាលពី​ថ្ងៃ​ទី ៣០ ឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា នាយកដ្ឋាន​ពន្ធដារ នឹងចាប់ផ្ដើម​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ សម្រាប់​ឆ្នាំ ២០២៣ នឹង​ត្រូវ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី ០១ ខែ​មិថុនា រហូតដល់​ថ្ងៃ​ទី ៣០ ខែ​វិច្ឆិកា ឆ្នាំ ២០២៣តទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ឱ្យ​ដឹង​ថា ចំពោះយានយន្តថ្មីត្រូវចុះបញ្ជីលើកដំបូង ម្ចាស់យានយន្តត្រូវដាក់លិខិតប្រកាសបង់ពន្ធចំនួន ០២ សន្លឹក តាម ទម្រង់ដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ ដោយភ្ជាប់មកជាមួយនូវឯកសាររួមមាន ប័ណ្ណសម្គាល់យានយន្ត អត្តសញ្ញាណប័ណ្ណផ្ទាល់របស់កម្មសិទ្ធិករ និងវិញ្ញាបនបត្រពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចំពោះរថយន្ត ដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរ។

ដោយឡែក​ចំពោះ​យានយន្ត​ដែល​ធ្លាប់​ចុះបញ្ជី​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​ពន្ធ​មធ្យោបាយ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​កន្លងមក ប៉ុន្តែ​ពុំ​មាន​ប័ណ្ណ​សម្គាល់​ការ​បង់​ពន្ធ​(​កាត​) ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ម្ចាស់​យានយន្ត – បង់ពន្ធ​នេះ ដោយ​ពុំ​តម្រូវ​ឲ្យ​បំពេញ​លិខិត​ប្រកាស​បង់​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​នោះ​ទេ ដោយ​គ្រាន់តែ​បង្ហាញ ឬ​ភ្ជាប់​នូវ​ឯកសារ​ដែល​អាច​បញ្ជាក់​អត្តសញ្ញាណ​យានយន្ត​ណាមួយ ដូចជា ប័ណ្ណ​សម្គាល់ យានយន្ត ឬ​បង្កាន់ដៃ​ទទួល​ប្រាក់​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ ឬ​លតាបត្រ​បង់ពន្ធ​ឆ្នាំ​ចាស់ សម្រាប់​ឲ្យ​មន្ត្រី​ពន្ធដារ ឬ​បុគ្គលិក​ធនាគារ​ពាណិជ្ជ​ដៃគូ​ធ្វើការ​ផ្ទៀងផ្ទាត់​ទិន្នន័យ​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​ពន្ធ​មធ្យោបាយ​របស់ អគ្គនាយកដ្ឋាន​ពន្ធដារ។

ចំពោះ​យានយន្ត​ដែល​ជា​កម្មសិទ្ធិ​របស់​ស្ថានទូត ឬ​ស្ថាន​កុងស៊ុល​បរទេស អង្គការ​អន្តរជាតិ ឬ​ទីភ្នាក់ងារ សហប្រតិបត្តិការ​បច្ចេកទេស​របស់​រដ្ឋាភិបាល​នានា ត្រូវ​ស្នើសុំ​មក​អគ្គនាយកដ្ឋាន​ពន្ធដារ ដើម្បី​ទទួល​បាន​នូវ​លតាបត្រ​បង់ពន្ធ (ពន្ធ​ជា​បន្ទុក​របស់​រដ្ឋ​)។ រីឯ​យានយន្ត​របស់​ក្រសួង​-​ស្ថាប័ន ឬ​អង្គភាព​ដែល​ត្រូវ​ទទួល​បាន​លតាបត្រ​តាម​ប្រព័ន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​(​ពន្ធ​ជា​បន្ទុក​របស់​រដ្ឋ ឬ​បង់​តាម​អាណត្តិ​បើកប្រាក់​) ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​បញ្ជីសារពើភណ្ឌ​យានយន្ត​ទ្រព្យសម្បត្តិ​រដ្ឋ​(​តារាង​កើន​ឡើង និង​ថយ​ចុះ​ទ្រព្យសម្បត្តិ​រដ្ឋ​ប្រចាំ​ឆ្នាំ​) ដែល​បាន​ចុះបញ្ជី នៅ​អគ្គនាយកដ្ឋាន​ទ្រព្យសម្បត្តិ​រដ្ឋ និង​ចំណូល​មិនមែន​សារពើពន្ធ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

ចំណែក​យានយន្ត​ឯកជន​ជ្រក​ក្រោម​ផ្លាកលេខ រដ្ឋ ផ្លាកលេខ ខ​.​ម និង ន​.​ប ពុំ​អនុញ្ញាត​ឲ្យ​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ ២០២៣ ទេ។ ម្ចាស់​យានយន្ត​ទាំងនេះ អាច​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ ២០២៣ បាន លុះត្រាតែ​បំពេញ​កាតព្វកិច្ច​ពន្ធ និង​អាករ​នាំចូល​ស្របតាម​ច្បាប់ និង​បទប្បញ្ញត្តិ​ស្ដីពី​គយ និង​ចុះ​បញ្ជី​យានយន្ត​នៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឲ្យ​បាន​រួចរាល់​ជាមុន​សិន។

ក្នុង​ករណី​ខកខាន​មិនបាន​បង់ពន្ធ​ទាន់​ពេលវេលា​កំណត់​ខាងលើ ម្ចាស់​យានយន្ត នឹង​ត្រូវ​ទទួល​រង​នូវ​ពិន័យ តាមច្បាប់​ស្ដីពី​សារពើពន្ធ​ជា​ធរមាន។ អគ្គនាយកដ្ឋាន​ពន្ធដារ នឹង​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច ជាពិសេស​នគរបាល​ចរាចរណ៍ និង​កងរាជអាវុធហត្ថ ដើម្បី​ចុះ​ត្រួតពិនិត្យ​ការ​អនុវត្ត​ប្រមូល​ពន្ធ​នេះ​នៅ​តាម​ដង​ផ្លូវ​នានា បន្ទាប់ពី​បិទ​បញ្ចប់​ការ​ប្រមូល​ពន្ធ​នៅ​ថ្ងៃ​ទី ៣០ ខែ​វិច្ឆិកា ឆ្នាំ ២០២៣។

តាមរយៈសេចក្តីជំណឹងខាងលើ អគ្គនាយកដ្ឋានពន្ធដារ មានជំនឿយ៉ាងមុតមាំថា សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ លោក លោកស្រី កញ្ញា ដែលជាម្ចាស់យានយន្តនឹងរួសរាន់អញ្ជើញទៅប្រកាសបង់ពន្ធតាមទីកន្លែង និងពេលវេលា ដូចបានកំណត់ខាងលើ កុំបីខាន៕