Elon Musk ធ្វើទស្សនកិច្ចនៅក្រសួងពាណិជ្ជកម្មចិន ក្រោយជួបជាមួយរដ្ឋមន្ត្រីជាន់ខ្ពស់ម្នាក់

អន្តរជាតិ

កាលពីថ្ងៃទី ៣០ ឧសភាកន្លងទៅ មហាសេដ្ឋី Elon Musk បាន​ចាប់ផ្ដើមបំពេញ​ដំណើរទស្សនកិច្ច​ទៅកាន់ប្រទេសចិនជាលើកដំបូង​ ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ។ នេះបើតាមការចុះផ្សាយពី CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្រាប់ថ្ងៃដំបូង​នៃ​ដំណើរទស្សនកិច្ច​នេះ​ផងដែរ មេធំក្រុមហ៊ុន Tesla បាន​ជួបជជែក​ជាមួយ​រដ្ឋមន្ត្រីការបរទេស Qin Gang ខណៈ​អ្នកទាំង ២ បាន​ពិភាក្សា​ពី​លទ្ធភាព​នៃ​ការ​ពង្រីក​ទំហំ​វិនិយោគ ដោយ​ភាគី​ចិន​អះអាងថា នឹងប្តេជ្ញាបង្កើតបរិយាកាសធុរកិច្ចដែលផ្តោតលើទីផ្សារ នីតិរដ្ឋ និងអន្តរជាតិកាន់តែប្រសើរ ស្របពេល Elon Musk សន្យា​នឹងបន្ត​ឈរជើង​លើទីផ្សារចិន​ដដែល បើទោះជាមាន​ការ​ព្យាយាម “បំបែក” កិច្ចសហប្រតិបត្តិការ​មួយនេះក្ដី។

ក្រៅពីជួបជាមួយ​រដ្ឋមន្ត្រីជាន់ខ្ពស់ចិន មហាសេដ្ឋីអាមេរិក​ក៏បាន​ទទួលទានអាហារពេលល្ងាច​ជាមួយ​ប្រធានក្រុមហ៊ុន​ CATL ដែលជាក្រុមហ៊ុនចិន​ជំនាញ​ខាងផលិតអាគុយរថយន្ត ក៏ជា​អ្នកផ្គត់ផ្គង់​ដ៏​សំខាន់​របស់ Tesla ផងដែរ។

ដោយឡែក សម្រាប់ព្រឹកថ្ងៃទី ៣១ ឧសភាវិញ គេប្រទះឃើញ Elon Musk អបដំណើរដោយប្រធានកិច្ចការសាធារណៈរបស់ក្រុមហ៊ុន Tesla នៅចិន លោក Grace Tao និងប្រធានផ្នែកផលិតកម្មសកលលោក Tom Zhu បានចតរថយន្តនៅមុខ​ក្រសួងពាណិជ្ជកម្ម​ចិន​ទៀតផង។

សូមជម្រាបដែរថា Elon Musk ត្រូវបានគេរំពឹងថា នឹងជួបជាមួយមន្ត្រីជាន់ខ្ពស់ចិនផ្សេងទៀត និងទៅទស្សនារោងចក្រ Teslaនៅសៀងហៃនាចុងសប្តាហ៍នេះ ទោះបីជាវាមិនច្បាស់ថា គាត់នឹងជួបអ្នកណា ឬបញ្ហាអ្វីដែលពួកគេនឹងពិភាក្សាក៏ដោយ៕