ផ្លែទុរេនវៀតណាម កំពុងត្រូវប៉ាន់ខ្លាំងនៅលើទីផ្សារស្រុកចិន ពោលតាំងពីមានការនាំចូលទុរេនវៀតណាមកាលពីខែកញ្ញា អ្នកជំនួញចិនជាច្រើនរូបបានប្រមែប្រមូលផ្លែឈើមួយប្រភេទនេះ រាប់សែនតោន មកលក់នៅប្រទេសចិន។
អ្នកនាំចូលផ្លែឈើម្នាក់ឈ្មោះ Bob Wang បានប្រាប់សារព័ត៌មាន SCMP ថា លោកបានចុះកុងត្រាជាមួយម្ចាស់ចំការទុរេនវៀតណាម ៣ ០០០ ហិកតា និងអាចនាំចូលមកលើទីផ្សារចិនបានប្រមាណ ៣ ០០០ កុងទ័រនឺ ឬ ៦០ ០០០ តោនក្នុងឆ្នាំនេះ ខណៈចំនួនមួយនេះ គឺច្រើនជាងកាលដែលលោកនាំទុរេនពីថៃ ដល់ទៅ ៣ដងឯណោះ។
បុរសម្នាក់នោះក៏បានបន្ថែមទៀតថា កាលពីឆ្នាំទៅ ចិនបាននាំចូលទុរេនច្រើនជាង ៨២០ ០០០តោន ហើយលោកមានជំនឿចិត្តថា ឆ្នាំនេះទំហំការនាំចូលនឹងអាចកើនលើស ៩០០ ០០០តោនយ៉ាងងាយ។
គួររំលឹកដែរថា ផ្លែទុរេនកំពុងពេញនិយមខ្លាំងនៅទីផ្សារស្រុកចិន ហើយទោះបីជាមានការត្រួតពិនិត្យការនាំចូលតឹងរ៉ឹងខ្លាំង ក្នុងអំឡុងពេលជំងឺរាតត្បាតក៏ដោយ ក៏ប្រទេសចិនបាននាំចូលទុរេនច្រើនជាងបួនដងក្នុងឆ្នាំ ២០២២ បើធៀបនឹងឆ្នាំ ២០១៧ ដែលនាំឱ្យតម្លៃសរុបកើនឡើងដល់ជាង ៤ពាន់លានដុល្លារ។
ក្នុងនោះ ថៃជាអ្នកនាំចេញទុរេនធំបំផុតសម្រាប់ទីផ្សារស្រុកចិន ប៉ុន្តែតំណែងមួយនេះអាចរង្គោះរង្គើ ក្រោយវៀតណាម និងប្រទេសនៅអាស៊ានផ្សេងទៀតដូចជា ម៉ាឡេស៊ី និងហ្វីលីពីន ក៏កំពុងសម្លឹងរកឱកាសពង្រីកទីផ្សារទុរេនរបស់ពួកគេ ទៅកាន់ប្រទេសចិនដូចគ្នា៕