ប្រជាពលរដ្ឋ ទិញភាគហ៊ុន នៅក្នុងវិស័យសំខាន់៣ នឹងទទួលបានផលចំណេញ

ជុំវិញ​ឧកញ៉ា

វិស័យសំខាន់ចំនួន៣ ត្រូវបានចាត់ទុកជាវិស័យអាទិភាព ដែលទទួលបានអតិថិជនប្រើប្រាស់សេវាមិនចេះរីងស្ងួតនៅក្នុងសង្គមនាពេលបច្ចុប្បន្ន និងអនាគត ហើយប្រជាពលរដ្ឋដែលមានបំណងចង់វិនិយោគឬចង់ទិញលក់ លើភាគហ៊ុនក្នុងវិស័យទំាង៣ នឹងទទួលបានប្រាក់ចំណេញឬទទួលបានអត្ថប្រយោជន៍ពីការជួញដូរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងកិច្ចសម្ភាសន៍ ជាមួយក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃទី២៧ ខែឧសភា ក្នុងឱកាសបើកឱ្យដំណើរការជាផ្លូវការសាលារៀនអន្តរទ្វីបអាមេរិកកំាង សាខាតាកែវថ្មីៗ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ គួច អេឌ្យូខេសិន មានប្រសាសន៍ថា «នៅប្រទេសកំពុងអភិវឌ្ឍន៍ដែលមានក្រុមហ៊ុនឧស្សាហកម្ម សេវាកម្មឬក្រុមហ៊ុនកសិកម្ម ដែលធ្វើឱ្យសង្គមជាតិ មានភាពរីកចម្រើន ប្រជាពលរដ្ឋទិញភាគហ៊ុនមិនខុសនោះទេ ពិសេសក្រុមហ៊ុនស្ថិតនៅក្នុងវិស័យអាទិភាពចំនួន៣ សម្រាប់ប្រទេសជាតិយើងដែលមានភ្ញៀវមិនចេះអស់ឬមានអតិថិជនមិនចេះរីងស្ងួត គឺមានវិស័យអប់រំ វិស័យសុខាភិបាល និងវិស័យហិរញ្ញវត្ថុ។សព្វថ្ងៃនេះពួកខ្ញុំកំពុងស្ថិតនៅក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល»។

យោងតាម អ្នកឧកញ៉ា គួចម៉េងលី ក្រុមហ៊ុន ម៉េងលី ជេ គួច អេឌ្យូខេសិន បានឡើងទីផ្សាភាគហ៊ុន កាលពីខែមេសា ហើយដល់ថ្ងៃទី២៨ ខែឧសភា ឆ្នំា២០២៣ នឹងឡើងផ្សារហ៊ុន ធ្វើឱ្យមហាជនអាចទិញលក់ដូរបាន តែទិញភាគហ៊ុនឥលូវនេះទទួលបានផលប្រយោជន៍ល្អ ។

អ្នកឧកញ៉ា លើកឡើងថា ក្នុងរដូវជំងឹកូវីដ១៩កន្លងមក យើងឃើញសាលាបង្រៀនភាគច្រើនក្ស័យធុន ហើយសាលាមួយចំនួនផ្សេងទៀត ចុះពីធំមកតូច ហើយសាលាដទៃទៀតបានបិទទ្វា។ប៉ុន្តែនៅរដូវជំងឺកូវីដ១៩កន្លងទៅនេះ សិស្សរបស់ខ្ញុំបានកើនមួយជាពីរ ប្រាក់ចំណូលកើនមួយជាពីរ ជាហេតុធ្វើឱ្យខ្ញុំមានប្រភពហិរញ្ញវត្ថុបើកសាខាកំឡុងពេលវិបត្តិជំងឺកូវីដ១៩បានចំនួន៣ទីតំាង ហើយធ្វើឱ្យខ្ញុំកក់កន្លែងទុកសម្រាប់ពង្រីកសាខាបន្ថែម២០ទីតំាងទៀត ហើយធ្វើឱ្យខ្ញុំនៅពេលជំងឺកូវីដ១៩បិទបញ្ចប់ បានបើកសម្ពោធចំនួន៥សាខាទៀត ក្នុងនោះនៅខេត្តតាកែវមួយសាខា សាខាច្បារអំពៅ២ និងសាខានៅខណ្ឌសែនសុខ២ នៅឆ្នំា២០២៣នេះ។លើសពីនេះ ខ្ញុំកំពុងធ្វើការបុកគ្រឹះសាងសង់សាខាចំនួន៦ផ្សេងទៀត ក្នុងឆ្នំា២០២៣ មាននៅខាងខេត្តបាត់ដំបង២ទីតំាង កំពង់ចាម២ទីតំាង និងនៅខេត្តបន្ទាយមានជ័យ២ទីតំាង។

បើយោងតាម អ្នកឧកញ៉ា គួច ម៉េងលី ក្នុងនាមអ្នកឧកញ៉ា ជាកូនខ្មែរមួយរូប ចង់ជួយឱ្យកម្ពុជាមានភាពជឿនលឿន,ចង់ជួយSMEsរីកចម្រើនទៅមុខ ស្របពេលប្រទេសជាតិកំពុងមានការអភិវឌ្ឍ។

នៅពេលSMEsរីកចម្រើន អាចឡើងទីផ្សារហ៊ុនបាន ហើយធ្វើឱ្យទីផ្សារដើរ ទើបធ្វើឱ្យប្រទេសជាតិមាននិរន្តរភាពផ្នែកសេដ្ឋកិច្ច និងមិនមានចលាចលនៅក្នុងប្រទេស។

មន្ត្រីគ្រប់គ្រងជាន់ខ្ពស់ នាយកដ្ឋានផាត់ទាត់ និងទូទាត់មូលបត្រ នៃផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា ទីផ្សារភាគហ៊ុនរបស់យើង មានការរីកចម្រើនខ្លាំងនាប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទំហំជួញដូរបានកើនពីប្រមាណ ៤០លានរៀល ឬស្មើរ១ម៉ឺនដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៨ មកដល់ជិត ២០០០លានរៀល ឬស្មើរ៥០ម៉ឺនដុល្លារអាមេរិក នាឆ្នាំ ២០២២ និងដើមឆ្នាំ ២០២៣នេះ។

លោក ទ្រី តៃហ៊ី សង្កត់ធ្ងន់ថា « ចំនួនវិនិយោគិន ក៏បានកើនឡើងខ្លាំង ដែលឆ្នាំមុនៗ ជាមធ្យមមានការបើកគណនីត្រឹម ២០០ទៅ៣០០នាក់ប៉ុណ្ណោះ ក្នុងមួយខែ ប៉ុន្តែក្នុងដើមឆ្នាំ ២០២៣នេះ ចំនួនបានកើនដល់ប្រមាណ ១ពាន់នាក់ ក្នុងមួយខែ ដែលគិតត្រឹម ខែឧសភា ឆ្នាំ ២០២៣នេះ ចំនួនគណនីជួញដូរបានកើនដល់ជាង៤ម៉ឺនគណនីហើយ។ ចំនួនវិនិយោគិនសកម្ម ក៏មានការកើនឡើងច្រើនដងផងដែរ ក្នុងមួយរយៈពេលចុងក្រោយនេះ»។

លោកបន្តថា សម្រាប់ក្រុមហ៊ុនចុះបញ្ជីវិញ បច្ចុប្បន្ននេះ យើងមានក្រុមហ៊ុនចុះបញ្ជីជាភាគហ៊ុនចំនួន ៩ក្រុមហ៊ុន ហើយយើងនឹងមានក្រុមហ៊ុនចំនួន ២ទៀត ដែលគ្រោងនឹងចុះបញ្ជីលក់ និងជួញដូរភាគហ៊ុន នាខែមិថុនា ខាងមុខនេះ គឺក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន និងក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ។ ដោយសារជាក្រុមហ៊ុន ដែលមានកេរ្តិ៍ឈ្មោះល្អ និងទទួលស្គាល់ច្រើន ការចុះបញ្ជីរបស់ក្រុមហ៊ុនទាំងពីរនេះ នឹងកំពុងតែធ្វើឱ្យទីផ្សាររបស់យើងរីកចម្រើនបានមួយកម្រិតធំថែមទៀត ទាំងកំណើនទំហំជួញដូរ កំណើនវិនិយោគិន និងការទាក់ទាញក្រុមហ៊ុនផ្សេងទៀតមកចុះបញ្ជីផងដែរ។ ។ ដោយមានសក្តានុពលអាជីវកម្មខ្ពស់ និងការធានាភាគលាភខ្ពស់ ក្រុមហ៊ុនទាំងពីរនេះ នឹងមានការជួញដូរច្រើន នៅពេលបានចុះបញ្ជីនាខែក្រោយនេះ៕

អត្ថបទ៖សារេត