ទោះបីនៅពេលសព្វថ្ងៃ តម្រូការទីផ្សារដូងខ្ទិះ នៅក្នុងតំបន់ ការគំាំទ្រនៅមានកម្រិត ប៉ុន្តែតម្លៃដូងខ្ទិះហាក់លក់បានថ្លៃនៅបន្ទាប់ពីម៉ាកឬឡូហ្គូបិទសម្គាល់ ហើយរំពឹងថា នៅពេលទីផ្សាររីកចម្រើនបន្ថែមមួយកម្រិតទៀត នៅថ្ងៃខាងមុខ នឹងធ្វើឱ្យជីវភាពគ្រួសារកាន់តែល្អប្រសើរឡើង។
យោងតាមប្រធានក្រុមអ្នកផលិត និងអាជីវករដូងខ្ទិះបាត់ដំបង បានឱ្យដឹងថា បច្ចុប្បន្នប្រជាពលរដ្ឋដែលជាសមាជិកមានដើមដូងខ្ទិះ ដែលអាចប្រមូលផលបាន មានចំនួន១២គ្រួសារ ស្ថិតនៅក្នុងស្រុកបាណន់ ស្រុកសង្កែ និងស្រុកឯកភ្នំ មានដើមដូងខ្ទិះជិត៥០០ដើម ហើយនៅពេលខាងមុខ នឹងមានសមាជិកចូលរួមបន្ថែមទៀត នៅពេលដើមដូងរបស់ពួកគាត់ដល់ពេលឱ្យផល។
លោក ឡា ខេមរា ប្រធានក្រុមអ្នកផលិត និងអាជីវករដូងខ្ទិះបាត់ដំបង បញ្ជាក់ថា «សព្វថ្ងៃនេះ តម្លៃដូងខ្ទិះបាត់ដំបង លក់នៅក្នុងតំបន់មានបែងចែកជាពីរប្រភេទ គិតទៅតាមទំហំឬខ្នាត តម្លៃចាប់ពី៣ម៉ឺនទៅ ៣ម៉ឺន៥ពាន់រៀល និងថ្លៃ៤ម៉ឺន ទៅ៤ម៉ឺន៥ពាន់រៀល ជាមួយនិងការបិទម៉ាកសម្គាល់ ជារបស់ក្រុមអ្នកផលិត។ខណៈដូងខ្ទិះកាលពីមុន ប្រជាពលរដ្ឋក្នុងតំបន់អាចលក់បានថ្លៃត្រឹមតែ ២ម៉ឺន៥ពាន់រៀល ក្នុងមួយផ្លែ»។
បើតាមប្រធានក្រុមអ្នកផលិត និងអាជីវករដូងខ្ទិះបាត់ដំបង ក្រៅពីទទួលស្គាល់ថា ផ្លែដូងខ្ទិះមានការគំាទ្រពីប្រជាពលរដ្ឋ នៅមានកម្រិត លោកបានសំណូមពរទៅដល់ឈ្មួញឬអ្នកកែច្នៃនៅក្រៅតំបន់ អាចចូលមកប្រមូលទិញ និងលក់បន្តទៅតំបន់ផ្សេងបាន។
លោក ឡា ខេមរា មានក្តីរំពឹងថា «បើទីផ្សារ និងតម្រូវការដូងខ្ទិះ មានលក្ខណៈទូលំទូលាយជាងនៅពេលសព្វថ្ងៃនេះ ខ្ញុំគិតថា ជីវភាពប្រជាពលរដ្ឋដែលជាសមាជិក នឹងមានការប្រែប្រួលផ្អែកទៅលើតម្លៃដូងខ្ទិះបាត់ដំបងនេះ។ឧទាហរណ៍ យើងដំាដូងក្នុងរយៈពេល៥ឬ៦ឆ្នំាដូង និងឱ្យផល ហើយបើក្នុងមួយដើមយើងអាចរកប្រាក់ចំណូលបាន១០០ដុល្លារអាមេរិក បើចុះបើយើងដំាដូងរហូតដល់១០០ដើមឬលើសពីនេះ ប្រាកដណាស់កសិករនឹងទទួលបានប្រាក់ចំណូលដល់ខ្ទង់ពាន់ដុល្លារអាមេរិកក្នុងមួយវគ្គ»៕
អត្ថបទ៖សារេត