ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» ជូនដល់ ឧកញ៉ា ភូ ហុងស៊ួន ស៊ីគង់ទ្រីវ ដែលជាភរិយារបស់អ្នកឧកញ៉ា ស៊ី គង់ទ្រីវ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ តបតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវឧកញ៉ា ភូ ហុងស៊ួន ស៊ីគង់ទ្រីវ ត្រូវបានគេស្គាល់ថាជា នាយកក្រុមហ៊ុន ខេធី គ្រុប និង ខេធីប៉ាស៊ីហ្វិក គ្រុប (KT Group & KT Pacific Group Limited) និងជាម្ចាស់មជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ និងផ្សារនាគមាស នៅរាជធានីភ្នំពេញ។ លោកជំទាវ បានទទួលងារឧកញ៉ា តាមរយៈព្រះរាជក្រឹត្យលេខ០២១៣/១២៦ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៣។ ឧកញ៉ា ភូ ហុងស៊ួន ស៊ីគង់ទ្រីវ ជាស្ត្រីមួយរូប ក្នុងចំណោមស្ត្រី២រូបគត់ ស្ថិតក្នុងសមាសភាពក្រុមប្រឹក្សាភិបាលនៃសមាគមឧកញ៉ាកម្ពុជា ដែលដឹកនាំដោយអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមឧកញ៉ាកម្ពុជា អាណត្តិទី១៕