លោកឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រកាសចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន ចំនួន ៩៩៩.៩៩៩ រៀល ក្នុងយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ របស់មន្ទីរពេទ្យគន្ធបុប្ផា សម្រាប់កុមារកម្ពុជា ដែលមានរយៈពេល ៣០ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។
លោកឧកញ៉ា ចាន់ សុឃាំង ថ្លែងនៅថ្ងៃទី០១ មិថុនា នេះថា៖ “សូមអោយកុមារកម្ពុជាបានសុខ មានសុខភាពល្អ រួមទាំងកូនខ្ញុំ ក្មួយខ្ញុំ រូបខ្ញុំ ភរិយាខ្ញុំ និងក្រុមគ្រួសារផងដែរ។ សូមឱ្យការបរិច្ចាគនេះបានដល់ កុមារទាំងឡាយ ដែលត្រូវការ និងជួយកុមារទាំងនោះ ឱ្យបានរួចផុតចាកនូវជំងឺផ្សេងៗ។ ខ្ញុំបានបរិច្ចាករួចហើយ សូមចូលរួមទាំងអស់គ្នា ដើម្បីកុមារកម្ពុជា។ (ខ្មែរតែងតែឈឺឆ្អាល និងយកចិត្តទុករវាងគ្នានិងគ្នាទៅវិញទៅមក)”។
មូលនិធិគន្ធបុប្ផាកម្ពុជា នឹងរៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា រយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។
យុទ្ធនាការនេះ គឺជាយុទ្ធនាការប្រចាំឆ្នាំ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងកៀរគរការបរិច្ចាគ ទោះតិចក្តី ច្រើនក្តី ពីសប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស ដើម្បីរួមគ្នាផ្តល់ក្តីស្រលាញ់ដល់កុមារនៅកម្ពុជា ជាពិសេសក្នុងឱកាស ទិវាកុមារអន្តរជាតិ ១មិថុនា ហើយយុទ្ធនាការនេះ ត្រូវបានរៀបចំម្តងរួចមកហើយ កាលពីខែមិថុនា ឆ្នាំ២០២២ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណជន និងទទួលបានថវិកាបរិច្ចាគជាង ៣០ម៉ឺនដុល្លារអាមេរិក។
មូលនិធិគន្ធបុប្ផាកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា សប្បុរសជន នឹងចូលរួមកាន់តែច្រើនថែមទៀតក្នុងស្មារតី “ខ្មែរជួយខ្មែរ” ដើម្បីរួមគ្នាផ្ដល់ភាពញញឹមដល់កុមារដែលជាអនាគត ដ៏ភ្លឺស្វាងរបស់កម្ពុជា តារយៈការរក្សាឱ្យបាននូវនិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំងនៅកម្ពុជា។
មន្ទីរពេទ្យគន្ធបុប្ផា ជាមន្ទីរពេទ្យកុមារ ដែលត្រូវបានបង្កើត និងដាក់ឱ្យដំណើរការឡើងវិញ កាលពីឆ្នាំ១៩៩២ ដោយបានព្យាបាលកុមាររាប់លាននាក់ និងចំណាយថវិកាជាមធ្យម ៤០លានដុល្លារអាមេរិក ក្នុង១ឆ្នាំៗ ដើម្បីធ្វើប្រតិបត្តិការមនុស្សធម៌សង្គ្រោះជីវិតកុមារនៅកម្ពុជា ដោយឥតគិតថ្លៃប្រកបដោយគុណភាព និងមិនមានការរើសអើង៕