កម្រិតសាច់ប្រាក់នៅរតនាគារសហរដ្ឋអាមេរិក កំពុងធ្លាក់ចុះឆ្ពោះទៅរកកម្រិតទាបដ៏គ្រោះថ្នាក់ ខណៈដែលទីក្រុងវ៉ាស៊ីនតោន រង់ចាំរហូតដល់នាទីចុងក្រោយ ដើម្បីដំឡើងកម្រិតបំណុល។ នេះបើតាមការចុះផ្សាយពី CNN។
គិតត្រឹមថ្ងៃទី ២៥ ឧសភា រតនាគារអាមេរិកមានសាច់ប្រាក់ប្រមាណ ៣៨,៨ពាន់លានដុល្លារ ដែលធ្លាក់ចុះតាំងពីជាង ២០០ពាន់លានដុល្លារ កាលពីដើមខែ មកនៅត្រឹមចំណុចនេះ ដែលស្ទើរតែស្មើនឹងចំណុចអប្បបរិមា ដែលកំណត់ត្រឹម ៣០ពាន់លានដុល្លារ។
យោងតាមទិន្នន័យពី Bloomberg Billionaires Index បានបង្ហាញថា បច្ចុប្បន្នមានមហាសេដ្ឋី ៣១ នាក់ ដែលពួកគេសុទ្ធតែមានទ្រព្យសម្បត្តិច្រើនជាងរតនាគារសហរដ្ឋអាមេរិក ដែលមានតែជិត ៣៩ពាន់លានដុល្លារនោះថែមទៀត។
ក្នុងចំណោមមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងរតនាគារអាមេរិកនោះគឺមានដូចជា Bernard Arnault, Elon Musk, Jeff Bezos, Warren Buffett, Bill Gates និងមេធំ Facebook មហាសេដ្ឋី Mark Zuckerberg ជាដើម។
សូមជម្រាបដែរថា ប្រសិនបើសភាមិនដំឡើងកម្រិតបំណុលត្រឹមថ្ងៃទី ០៥ ខែមិថុនាទេ រដ្ឋលេខាធិការរតនាគារ Janet Yellen ព្រមានថា រដ្ឋាភិបាលនឹងមិនមានថវិកាគ្រប់គ្រាន់ ដើម្បីទូទាត់កាតព្វកិច្ចទាំងអស់របស់ប្រទេសជាតិ ឱ្យបានពេញលេញ និងទាន់ពេលវេលានោះឡើយ៕