សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ របស់ឧកញ៉ាបណ្ឌិត លី ឆេង នឹងរៀបចំពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សរុបចំនួន ១,៤៦៥នាក់ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ខាងមុននេះ។
តាមរយៈទំព័រហ្វេសប៊ុក នៅរសៀលម្សិលមិញនេះ លោកឧកញ៉ាបណ្ឌិត លី ឆេង បានប្រកាសជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ជាមាតាបិតា និស្សិតជ័យលាភី និងសាធារណៈជនទាំងអស់ មេត្តាជ្រាបថា នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មានកិត្តិយសដ៏ឧត្តុង្គឧត្តម នឹងរៀបចំពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សរុបចំនួន ១,៤៦៥នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តំណាងដ៏ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពានអាកាសចោមចៅ។
សូមបញ្ជាក់ថា ឧកញ៉ាបណ្ឌិត លី ឆេង អតីតនាយកវិទ្យាស្ថាន ឆេង ហៀរ និងជាទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី ហើយបច្ចុប្បន្ននេះ លោកគឺជាតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ អគ្គនាយកប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ព្រមទាំងសាលាប៊ែលធី អន្តរជាតិ ដល់ទៅ ១៩ទីតាំងផ្សេងទៀត៕