ប្រជាពលរដ្ឋរស់នៅភូមិចំនួន៥នៃឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នឹងផលិតអំបុកមានចំនួនច្រើនចាប់ពីខែកក្កដាខាងមុខតទៅ ហើយបានទទូចស្នើសុំឱ្យមហាជនជួយគំាំទ្រទីផ្សារឬទិញអំបុករបស់ខ្លួនដើម្បីចូលរួមចំណែកលើកទឹកចិត្តដល់អ្នកផលិតឬជួយឱ្យក្រុមគ្រួសារទទួលបានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចំាថ្ងៃ។
លោក ចាន់ ម៉ាច ប្រធានក្រុមអ្នកផលិតអំបុកកំពង់ធំ បានឱ្យដឹងថាសព្វថ្ងៃនេះការផលិតអំបុកមិនសូវមានច្រើនទេសម្រាប់លក់នៅក្នុងតំបន់ ព្រោះប្រជាពលរដ្ឋដែលជាសមាជិករបស់ក្រុមអ្នកផលិតពួកគាត់ធ្វើកសិកម្មមិនទាន់រួចរាល់ដៃនៅតាមគ្រួសារនីមួយៗ ។ប៉ុន្តែចាប់ពីខែកក្កដាតទៅ នឹងចាប់ផ្តើមផលិតអំបុកច្រើន ហេតុដូចនេះក្នុងនាមជាប្រធានក្រុមអ្នកផលិតអំបុកកំពង់ធំ សូមស្នើរសុំឱ្យ មហាជនជួយគំាំទ្រអំបុកកំពង់ធំទំាងអស់គ្នាដើម្បីជាការលើកទឹកចិត្តដល់ក្រុមអ្នកផលិត។
លោកបញ្ជាក់ថា«មកដល់សព្វថ្ងៃនេះក្រុមអ្នកផលិតអំបុកកំពង់ធំមានសមាជិកប្រមាណ៥០គ្រួសារ រស់នៅភូមិចំនួន៥ ក្នុងនោះមានភូមិក្រសំាងក ភូមិក្រសំាងខ ភូមិក្បិល ភូមិសាន់គរក និងភូមិសាន់គរខ នៃឃុំកំពង់ស្វាយ ដែលបច្ចុប្បន្ននេះការផលិតអំបុក ពិបាករកប្រាក់ចំណេញណាស់ ព្រោះតម្លៃស្រូវ ដែលត្រូវយកមកដាល់ឬផលិតជាអំបុកវាមានតម្លៃថ្លៃ»។
បើតាមប្រធានក្រុមអ្នកផលិតអំបុកកំពង់ធំ នៅក្នុងរយៈពេល៥ឆ្នំាកន្លងមកនេះក្រុមអ្នកផលិបាន ប្រើប្រាស់ម៉ាស៊ីនសម្រាប់កែច្នៃផលិតអំបុកមនុស្សតែម្នាក់ក៏អាចធ្វើបាន ខុសពីពេលមុនៗ ពួកគាត់ត្រូវការមនុស្ស៤នាក់ទើបអាចដាល់អំបុកឬផលិតអំបុកបានដើម្បីដាក់លក់ជូនមហាជន។
ពាក់ព័ន្ធនិងអំបុកកំពង់ធំនេះ បើតាមមន្ត្រីជំនាញរបស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា អំបុកកំពង់ធំបានក្លាយជាម៉ាកសមូហភាព ហើយប្រកាសទទួលស្គាល់កាលពីថ្ងៃទី២៦ខែមេសាឆ្នំា២០២៣៕
អត្ថបទ៖សារេត