ថ្មីៗនេះ អនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតរបស់ប្រទេសឥណ្ឌូនេស៊ី លោកស្រី Angela Tanoesoedibjo បាននិយាយថា វិស័យទេសចរណ៍ នឹងអាចរួមចំណែកបានរហូតដល់ទៅ ៤,៥% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួន នៅឆ្នាំ ២០២៤ ខាងមុខ។
បើយោងតាមការចុះផ្សាយពីសារព័ត៌មាន VNA បានបង្ហាញឱ្យដឹងថា ឥណ្ឌូនេស៊ី មានគោលបំណង ក្នុងការទាក់ទាញភ្ញៀវទេសចរអន្តជាតិ ពី ៩,៥ លាននាក់ ទៅ ១៤,៣ លាននាក់ និងភ្ញៀវទេសចរក្នុងស្រុក ពី ១,២៥ លាននាក់ ទៅ ១,៥ លាននាក់ នៅក្នុងឆ្នាំនេះ ដោយរំពឹងថាអាចនឹងអាចប្រាក់ចំណូលបានពី ៧,៣៨ពាន់លានដុល្លារ ទៅ ១៣,០៨ពាន់លានដុល្លារ ។
យ៉ងណាមិញ លោកស្រី Angela ក៏បានធ្វើការបង្ហាញអំពី ផែនការយុទ្ធសាស្រ្ត សម្រាប់ឆ្នាំ ២០២៤ ខាងមុខថា ក្រសួងនឹងព្យាយាមបង្កើនខ្សែសង្វាក់ផ្គត់ផ្គង់ នៅក្នុងវិស័យទេសចរណ៍ និងប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ចច្នៃប្រឌិត ក៏ដូចជាកែលម្អបន្ថែមទៅលើគុណភាពនៃកម្លាំងពលកម្មទេសចរណ៍ រួមទាំងការទាញយកទីផ្សារប្រពៃណី និងពង្រីកទីផ្សារបន្ថែម ជាមួយនឹងការសម្រួលទៅលើការចេញទិដ្ឋាការ និងការពង្រឹងបណ្តាញផ្លូវ។
ជម្រាបជូនឱ្យដឹងទៀតផងដែរថា ក្រសួងទេសចរណ៍ឥណ្ឌូនេស៊ី ក៏នឹងបង្កើតព្រឹត្តិការណ៍ទេសចរណ៍សំខាន់ៗបន្ថែមទៀត ដូចជាព្រឹត្តិការណ៍ MICE ដែលផ្តោទៅលើកិច្ចប្រជុំ ការលើកទឹកចិត្ត សន្និបាត និងការតាំងពិពណ៌ ព្រមទាំងបង្កើនការប្រកួតប្រជែងនៅក្នុងសន្ទស្សន៍អភិវឌ្ឍ និងទេសចរណ៍ (TTDI) និងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅឆ្នាំក្រោយនេះ ផងដែរ ៕