រដ្ឋាភិបាលថៃ ដាក់គោលដៅទាញឱ្យបាន ៨៦ពាន់លានដុល្លារ ពីវិស័យទេសចរណ៍ នៅឆ្នាំក្រោយ

អន្តរជាតិ

ថ្មីៗនេះ អាជ្ញាធរទេសចរណ៍ថៃ (TAT) បានបង្ហាញពីទំនុកចិត្តខ្ពស់ថា វិស័យទេសចរណ៍ អាចនឹងផ្តល់ចំណូលដល់រដ្ឋាភិបាល ៣ទ្រីលានបាត (៨៦ពាន់លានដុល្លារ) នៅឆ្នាំ ២០២៤ ខាងមុខ ពោលគឺស្មើទៅនឹងកម្រិតដែលខ្លួនធ្លាប់ទទួលបាន នៅក្នុងឆ្នាំ ២០១៩ ផងដែរ។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Tanes Petsuwan នាយករងប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកខាងត្បូង នៅ TAT បាននិយាយថា ស្ថាប័នរបស់ខ្លួន កំពុងធ្វើការទៅលើផែនការថ្មី ក្នុងការផ្សព្វផ្សាយបន្ថែមទៀត សម្រាប់ឆ្នាំសារពើពន្ធបន្ទាប់ ហើយរំពឹងថានឹងអាចបញ្ចប់សំណើរបស់ខ្លួន ដែលដាក់ជូនទៅកាន់រដ្ឋាភិបាលថ្មី នៅខែក្រោយ ។

លើសពីនេះ លោក Tanes បាននិយាយទៀតថា ៖ ” TAT កំពុងកំណត់គោលដៅទាញប្រាក់ចំណូលឱ្យបាន ៣ទី្រលានបាត ពីឧស្សាហកម្មទេសចរណ៍ នៅឆ្នាំក្រោយ ជាមួយនឹងប្រាក់ចំណូល ២ទី្រលានបាត ពីទីផ្សារអន្តរជាតិ និង ១ទ្រីលានបាត ពីទីផ្សារក្នុងស្រុក ” ។

យ៉ាងណាមិញ សំរាប់ការដាក់គោលដៅដ៏ធំនេះ ត្រូវបានកើតឡើង បន្ទាប់ពីថៃ បានមើលឃើញពីការមកដល់របស់ភ្ញៀវទេសចរបរទេសបានកើនឡើងជិត ១១ លាននាក់រួចទៅហើយ ក្នុងរយ:ពេលត្រឹម ៥ ខែដំបូង ឆ្នាំ ២០២៣ នេះ ស្របពេលលោក Tanes បានបន្ថែមទៀតថា ថៃ កំពុងឆ្ពោះទៅរកគោលដៅទាញភ្ញៀវទេសចរយ៉ាងហោចណាស់ ២៥ លាននាក់ នៅឆ្នាំនេះ ជាមួយនឹងប្រាក់ចំណូលសរុប ២,៣៨ទ្រីលានបាត ។

ជម្រាប់ជូនឱ្យដឹងផងដែរថា​ ថៃ កំពុងទទួលបានភ្ញៀវទេសចរ មកពី ម៉ាឡេស៊ី និងចិន ច្រើនជាងគេ ជាមួយនឹងចំនួនជាង ១ លាននាក់រួចមកហើយ នៅឆ្នាំនេះ ហើយរំពឹងថាចំនួនអាចនឹងបន្តកើនឡើងដល់ ៥ ទៅ ៦ លាននាក់ ពីប្រទេសនីមួយៗ ខណ:ពេលដែលថៃ ក៏បានបង្កើនចំនួននៃការមកដល់របស់អ្នកដំណើរប្រហែល ៣ លាននាក់ ពីតំបន់អឺរ៉ុប មជ្ឈិមបូព៌ា និង​អាហ្វ្រិក ផងដែរ៕