លោកឧកញ៉ា ម៉ុង ចាន់ថុល អគ្គនាយករង ក្រុមហ៊ុន ម៉ុងឫទ្ធីគ្រុប យល់ឃើញថា ទោះបច្ចុប្បន្នយើងកំពុងឈរនៅចំណុចណាក៏ដោយ ក៏គួរតែធ្វើអំពើល្អដល់មនុស្សជុំវិញខ្លួនឱ្យបានច្រើន ព្រោះពួកគេអាចនឹងជួយដល់យើងបានវិញ នៅពេលដែលយើងជួបភាពលំបាក នៅថ្ងៃណាមួយ។
ឧកញ៉ា ម៉ុង ចាន់ថុល បានលើកឡើងតាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅដើមខែមិថុនានេះថា មិនថាអ្នកឈរត្រង់ចំណុចណាក៏ដោយ ចូរធ្វើអំពើល្អដល់មនុស្សជុំវិញខ្លួនដោយក្តីគោរពឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ព្រោះថាមនុស្សដែលអ្នកជួយនៅថ្ងៃនេះ អាចជាមនុស្ស ដែលជួយអ្នកវិញក្នុងគ្រាលំបាកណាមួយ នាថ្ងៃអនាគតក៏ថាបាន។
សូមជម្រាបថា លោក ម៉ុង ចាន់ថុល ដែលតែងតែចែករំលែកនូវទស្សនៈល្អៗលើបណ្តាញសង្គម និងជាកូនទី៤ របស់អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានទទួលគោរមងារ «ឧកញ៉ា» ជាមួយនឹងបងប្រុសរបស់ខ្លួន លោក ម៉ុង ចាន់ថន តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៨២២/១០៥៩ ចុះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២៕