ដូងក្រអូបជាប្រភេទដើមឈើហូបផ្លែម្យ៉ាង ដែលអាចរាប់បានថាជាប្រភេទផ្លែឈើមួយក្នុងចំណោមផ្លែឈើដ៏ទៃទៀត ដែលមានរសជាតិឆ្ងាញ់ ផ្អែម ងាយស្រួលទទួលទាន មានតម្លៃសមរម្យ និងអាចកែច្នៃជាភេសជ្ជៈ ជាគ្រឿងទេស ដែលមិនអាចខ្វះបាន មួយវិញទៀតអាចកែច្នៃទៅជារបស់ប្រើប្រាស់បានយ៉ាងច្រើនបែបផងដែរ។ ទន្ទឹមនឹងនេះ ដូងក្រអូបក៏កំពុងទទួលបានទីផ្សារល្អ ខណៈការផ្គត់ផ្គង់នៅលើទីផ្សារមិនទាន់គ្រប់គ្រាន់នៅឡើយ។
កញ្ញា សុខ ចិន្តា មានវ័យ ៣២ឆ្នាំ ជាម្ចាស់ចំការដូងក្រអូប Daling Farm វ័យក្មេងមួយរូប ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង។ សព្វថ្ងៃកញ្ញាមានដូងចំនួន ២០០០ដើម លើទំហំផ្ទៃដីប្រមាណ៥ហិកតា ជាមួយនិងបទពិសោធន៍កញ្ញា និងក្រុមគ្រួសារមានប្រហែល១៥ឆ្នាំមកហើយ។
កញ្ញា សុខ ចិន្តា បានឱ្យដឹងថា តម្លៃផ្លែដូង និងពូជដូងក្រអូប មានការហក់ឡើងខ្លាំង ខណៈការផ្គត់ផ្គង់នៅតែមិនទាន់គ្រប់គ្រាន់សម្រាប់ទីផ្សារនៅឡើយ ចំណែកការកម្ម៉ង់ទិញវិញ មានតែការកើនឡើងជាលំដាប់់ ដោយត្រឹមតែផ្គត់ផ្គង់លើទីផ្សារក្នុងស្រុកសឹងមិនគ្រប់លើការកម្ម៉ង់ផង ដោយបច្ចុបន្នចម្ការកញ្ញា បានពង្រីកខ្លួនចូលក្នុងទីផ្សារទំនើបម៉ាក្រូ ដែលជាផ្សារទំនើបបោះដុំធំមួយនៅកម្ពុជាផងដែរ។
កញ្ញាបានបន្តទៀតថា ទោះជារដូវកាលណា ខែណាក៏ដោយ ដូងក្រអូបនៅតែជាតម្រូវការរបស់ប្រជាជនទូទាំងប្រទេស ព្រោះដូងក្រអូបជាប្រភេទដំណាំប្រមូលផលរង្វិលជុំ ណាមួយវាមានរសជាតិផ្អែមឆ្ងាញ់ មានក្លិនក្រអូប អាចញ៉ាំបានគ្រប់វ័យ ហើយវាល្អសម្រាប់សុខភាព និងអាចច្នៃបានជាផលិតផលជាច្រើនបែប ដូច្នេះហើយតម្រូវការដូងក្រអូបនៅតែកើនឡើងជាលំដាប់ និងមានសន្ទុះកាន់តែខ្លាំង។
ម្ចាស់ចំការវ័យក្មេងរូបនេះ បានលើកឡើងទៀតថា បច្ចុបន្នតម្លៃដូងក្រអូបមានការកើនឡើង ដោយបោះដុំទៅឈ្មួញកណ្តាលក្នុងមួយផ្លែតម្លៃចាប់ពី ២០០០ ទៅ ៣០០០រៀល ក្នុងមួយផ្លែ បើប្រៀបធៀបទៅឆ្នាំមុន(២០២២) មានតម្លៃ ចន្លោះពី១៥០០ ទៅ ១៨០០រៀល ក្នុងមួយផ្លែតែប៉ុណ្ណោះ ។
ជាមួយគ្នានោះដែរ កញ្ញា ចង់ឱ្យបងប្អូនកសិករដែលរួមដំណើរក្នុងវិស័យដូងក្រអូប មានភាពជោគជ័យក្នុងវិស័យមួយនេះ ដោយមិនចង់ឱ្យប្រើប្រាស់បច្ចេកទេសខុស ក្នុងន័យនេះ កញ្ញាចង់ឱ្យបងប្អូនប្រជាកសិករដែលមានបំណងចង់ដាំឬកំពុងតែដាំដំណាំដូងក្រអូប គួរណាស់សិក្សាឱ្យបានគ្រប់គ្រាន់លើដំណាំប្រភេទនេះ ទាំងការដាំ ការធ្វើប្រព័ន្ធធារាសាស្ត្រ និងការថែទាំឱ្យស្របទៅតាមស្តង់ដារ ដោយចំណាយដើមទុនតិច ក៏ប៉ុន្តែជម្រុញឱ្យទទួលបានលទ្ធផលល្អជាលំដាប់៕អត្ថបទ៖ មុន្នី