UN បង្ហាញការព្រួយបារម្ភ អំពីការឃុំឃាំងមនុស្សនៅហុងកុង

អន្តរជាតិ

នាថ្ងៃទី ០៥ មិថុនានេះ អង្គការសហប្រជាជាតិ​ហៅកាត់ UN បានបង្ហាញថា ពួកគេ​មាន​ការ​ព្រួយបារម្ភ អំពីការ​ឃុំខ្លួន​មនុស្ស​នៅហុងកុង ដែលជាប់ពាក់ព័ន្ធ​នឹង​គម្រប់ខួប ៣៤ឆ្នាំ នៃការ​បង្ក្រាប​ការបះបោរ​នៅ Tiananmen Square។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ប៉ូលិសហុងកុង​បានឃាត់ខ្លួន​មនុស្ស ២៣នាក់​កាលពីថ្ងៃអាទិត្យ ក្រោយចោទប្រកាន់ថា ពួកគេ​ធ្វើឲ្យ​ខូច​សន្តិសុខសាធារណៈ និងឃាត់ខ្លួន​ស្ត្រី​វ័យ ៥៣ឆ្នាំម្នាក់ទៀត ដែល​បាន​ “រារាំងសមត្ថកិច្ច” ខណៈហេតុការណ៍​នេះកើតឡើង​ចំពេល​គម្រប់ខួប​ការបង្ក្រាប​ការ​បះបោរ​ដ៏​ធំ​នៅទីក្រុងប៉េកាំងក្នុងឆ្នាំ ១៩៨៩។

ទន្ទឹមនឹងនោះ UN ក៏អំពាវនាវឲ្យមានការដោះលែងមនុស្សវិញ និងសំណូមពរឲ្យ​ដោះស្រាយ​គ្នា​តាមបែបសន្តិវិធី និងការពារសិទ្ធសេរីភាពក្នុងការបញ្ចេញមតិ។

ដោយឡែក ទាក់ទងនឹងបញ្ហាមួយនេះ ក្រសួងការបរទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីល្ងាចថ្ងៃអាទិត្យថា “ទីក្រុងហុងកុងសព្វថ្ងៃ កំពុងផ្លាស់ប្តូរពីភាពវឹកវរទៅជាស្ថិរភាព និងវិបុលភាព តាមគន្លងត្រឹមត្រូវនៃគោលនយោបាយ “ប្រទេសមួយ ប្រព័ន្ធពីរ” ។

បន្ថែមពីនោះ អ្នកនាំពាក្យក្រសួងបាននិយាយថា “កងកម្លាំងខាងក្រៅ” រួមទាំងសហរដ្ឋអាមេរិកគួរតែរក្សាច្បាប់អន្តរជាតិ និងបញ្ឈប់ “ឧបាយកលនយោបាយឥតប្រយោជន៍” លើទីក្រុងហុងកុង ដើម្បីទប់ស្កាត់ប្រទេសចិន។

ការរឹតបន្តឹងលើការនិយាយ និងការតវ៉ាជាសាធារណៈនៅក្នុងតំបន់រដ្ឋបាលនៃទីក្រុងហុងកុង បានរារាំងដល់អ្វីដែលធ្លាប់ជាភ្លើងទៀនប្រារព្ធខួបនៃការបង្រ្កាប Tiananmen Square ស្របពេលសកម្មជនហុងកុងនិយាយថា សកម្មភាពប៉ូលិសបែបនេះ គឺជាផ្នែកមួយនៃយុទ្ធនាការទូលំទូលាយរបស់ប្រទេសចិន ដើម្បីកំទេចការមិនពេញចិត្តនៅក្នុងទីក្រុងដែលធ្លាប់តែមានសេរីភាពអស់រយៈពេល ៥០ ឆ្នាំក្រោមគោលនយោបាយ “ប្រទេសមួយ ប្រព័ន្ធពីរ”៕