រយៈពេល៥ខែ ក្នុងឆ្នាំ២០២៣នេះ កម្ពុជារកចំណូលពីការលក់សំបុត្រឱ្យភ្ញៀវបរទេស ចូលទស្សនាតំបន់កម្សាន្តអង្គរ បានប្រមាណជាង១៦លានដុល្លារ។នេះបើតាមការឱ្យដឹងពីគ្រឹះស្ថានអង្គរ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣នេះ។
បើតាមគ្រឹះស្ថានអង្គរ បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៣ ភ្ញៀវទេសចរបរទេសដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ មានប្រមាណជាង ៣៤ម៉ឺននាក់ កើនឡើង ៦៥៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២ ខណៈចំណូលដែលគ្រឹះស្ថានអង្គររកពីការលក់សំបុត្រ មានចំនួន១៦,០៦៥,៨២៩ដុល្លារ កើនឡើង ៧៦៥ ភាគរយ។
ការប្រមូលចំណូលពីការលក់សំបុត្រចូលទស្សនាប្រាសាទបុរាណ ទៅដល់ភ្ញៀវទេសចរបរទេស ទៅតាមរមណីយដ្ឋានផ្សេងៗរួមមាន រមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងសំបុត្រទូកនៅកំពង់ផែចុងឃ្នៀស ជាដើម។ដោយក្នុងនោះ ចំណូលពីការលក់សំបុត្រចូលទស្សនាប្រាសាទកោះកែរ ជិត៩ម៉ឺនដុល្លារ និងការលក់សំបុត្រទូក ប្រមាណជាង ២៦ម៉ឺនដុល្លារ។
ជាមួយគ្នានោះ គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា តម្លៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានចែកចេញជា ៣ប្រភេទ គឺសំបុត្រចូលទស្សនា ១ថ្ងៃមានតម្លៃ ៣៧ដុល្លារ រយៈពេល ៣ថ្ងៃតម្លៃ ៦២ដុល្លារ ចំណែករយៈពេល ៧ថ្ងៃ មានតម្លៃ ៧២ដុល្លារ។
គួររម្លឹកផងដែរថា រយៈពេល៣ខែ ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣ កម្ពុជារកចំណូលបានចំនួន១១,១៣៥,៤៩២ដុល្លារអាមេរិក ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងមានភ្ញៀវទេសរបរទេស សរុប ២៣៦,៣៤១នាក់៕