ក្រុមហ៊ុនបុត្រសម្ព័ន្ធ Evergrande Property Services Group Ltd បានរាយការណ៍ពីប្រាក់ចំណេញប្រចាំឆ្នាំ ២០២២ ដែលមានការធ្លាក់ចុះប្រហែល ៤៦,៤% បើធៀបនឹងឆ្នាំ ២០២០ ប៉ុន្តែពួកគេនៅតែអះអាងថា ក្រុមហ៊ុនមានលុយគ្រប់គ្រាន់ សម្រាប់ទ្រទ្រង់អាជីវកម្មដល់ឆ្នាំ ២០២៤។
យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ប្រាក់ចំណេញប្រចាំឆ្នាំ ២០២២ របស់ Evergrande Property គឺមានប្រមាណ ១,៤២ពាន់លានយ៉ន់ ឬប្រហែល ២០០លានដុល្លារ ខណៈកាលពីឆ្នាំ ២០២០ ពួកគេធ្លាប់ទទួលបានរហូតដល់ ២,៦៥ពាន់លានយ៉ន់ឯណោះ។
“ក្រុមហ៊ុននឹងមានដើមទុនធ្វើការគ្រប់គ្រាន់ដើម្បីបំពេញកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួនរហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤”។ នេះបើតាមការឲ្យដឹងពី Evergrande Property។
សូមជម្រាបដែរថា លទ្ធផលនៃក្រុមហ៊ុន Evergrande Property ក៏កំពុងស្ថិតក្រោមការយកចិត្តទុកដាក់ពីក្រុមហ៊ុនមេ China Evergrande ផងដែរ ដ្បិតក្នុងការរៀបចំរចនាសម្ព័ន្ធបំណុលថ្មី ក្រុមហ៊ុនអនុញ្ញាតិឲ្យក្រុមម្ចាស់មានជម្រើស ក្នុងការផ្ទេរបំណុលទាំងនោះ ទៅជាចំណែកភាគហ៊ុននៃក្រុមហ៊ុនបុត្រសម្ព័ន្ធនានារបស់ខ្លួនបាន៕