រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃទី ០៥ មិថុនាថា មិនមានក្ដីរំពឹងទុកឡើយ ចំពោះការបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដែលនឹងផុតសុពលភាពនៅពាក់កណ្ដាលខែកក្កដាខាងមុខ។
យោងតាមការស្រង់សំដីរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីពីសារព័ត៌មាន TASS បានបង្ហាញថា ពួកគេកំពុងបន្តជជែកជាមួយអង្គការសហប្រជាជាតិ ខណៈការត្រួតពិនិត្យលើកប៉ាល់នាំចេញចូលទំនិញនៅតែប្រព្រឹត្តដូចដើម។
គួររំលឹកដែរថា កិច្ចព្រមព្រៀងមួយនោះ អនុញ្ញាតិឲ្យអ៊ុយក្រែនបន្តការនាំចេញទំនិញរបស់ខ្លួនបានច្រកកំពង់ផែខាងត្បូង ដែលត្រូវបានបិទជិតពីរុស្ស៊ីតាំងពីបើកការឈ្លានពាន។
យ៉ាងណាកន្លងមក រុស្ស៊ីតែងតែគម្រាមដើរចេញពីកិច្ចព្រមព្រៀងមួយនេះ ដោយអះអាងថា ឧបសគ្គរារាំងដល់ការនាំចេញស្បៀងអាហារ និងជីរបស់ខ្លួន នៅតែមាន។
សូមជម្រាបដែរថា រុស្ស៊ីទាមទារឱ្យបើកឡើងវិញនូវបំពង់បង្ហូរប្រេងដែលផ្ទុកអាម៉ូញាក់ពីប្រទេសរុស្ស៊ី ទៅកាន់កំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែននៃ Pivdennyi ដែលត្រូវបានគេស្គាល់ជាភាសារុស្សីថា Yuzhny ដើម្បីនាំចេញទៅកាន់ទីផ្សារពិភពលោក និងការតភ្ជាប់ឡើងវិញនៃធនាគារកសិកម្ម Rosselkhozbank ទៅកាន់បណ្តាញទូទាត់អន្តរជាតិ SWIFT ជាថ្នូរនឹងការបន្តកិច្ចព្រមព្រៀងជាមួយអ៊ុយក្រែន។
ប៉ុន្តែមកទល់នឹងពេលនេះ សម្ព័ន្ធមិត្តលោកខាងលិចនៅមិនទាន់ធ្វើការឆ្លើយតប នឹងសំណើររបស់រុស្ស៊ីនោះទេ ដែលធ្វើឲ្យរុស្ស៊ីយល់ថា កិច្ចព្រមព្រៀងមួយនេះប្រហែលជានឹងបញ្ចប់នាពេលដ៏ខ្លីខាងមុខក៏ថាបាន៕