ឧកញ៉ាប្រធាន ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា កាលពីល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ បានដឹកនាំសមាជិកក្រុមប្រឹក្សាភិបាល ចូលជួបសំណេះសំណាលសម្ដែងការគួរសម និងពិសាអាហារពេលល្ងាចរួមគ្នាជាមួយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅភោជនីយដ្ឋាន Crystal Jade BKK (Cambodia) ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ក្នុងជំនួបពិភាក្សា និងពិសាអាហារពេលល្ងាចនេះ អ្នកឧកញ៉ា គិត ម៉េង ក៏បានចូលរួមអបអរសាទរទៅកាន់ ឧកញ៉ា ប៉ិច បូឡែន ដែលត្រូវបានសមាជិកក្រុមប្រឹក្សាភិបាលបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត ជ្រើសតាំងជាប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា អាណត្តិ ២០២៣ – ២០២៦។
ក្នុងឱកាសនោះផងដែរ សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា ក៏បានលើកឡើងអំពីការប្ដេជ្ញាកសាងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ក្នុងការជួយជំរុញ និងជ្រោមជ្រែងដល់វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា ឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត។
សូមជម្រាបថា សមាគមសហគ្រិនវ័យក្មេងកម្ពុជា ត្រូវបានបង្កើតឡើង នៅឆ្នាំ២០០៩ ហើយក្នុងរយៈពេលត្រឹម ១៤ឆ្នាំ មកទល់បច្ចុប្បន្ននេះ សមាគមបានពង្រីកសមាជិកកើនដល់ ៥៤៦នាក់ មកពីវិស័យផ្សេងៗគ្នា និងមានការបង្កើតសាខានៅតាមបណ្តារាជធានី-ខេត្តជាបន្តបន្ទាប់ ដើម្បីបម្រើឱ្យការពង្រឹង និងពង្រីកសក្តានុពលនៃអាជីវកម្មផង និងជាពិសេសបានរួមគ្នាដោះស្រាយនូវបញ្ហាប្រឈមនានា៕