ក្រុមហ៊ុនផលិតយន្តហោះ ដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយរដ្ឋឥណ្ឌូនេស៊ី ឈ្មោះថា Indonesian Aerospace និងត្រូវបានគេស្គាល់ទូទៅថា PT Dirgantara Indonesia (PTDI) បានបញ្ជូនយន្តហោះប្រភេទ NC212i មួយគ្រឿង ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Hatyai របស់ប្រទេសថៃ។
បើតាមការចុះផ្សាយពីសារព័ត៌មាន VNA បានបង្ហាញឱ្យដឹងថា យន្តហោះដែលមានលេខកន្ទុយ AX-2131 គឺជាការនាំចេញទៅក្រៅប្រទេសដំបូងសម្រាប់ក្រុមហ៊ុន PT Dirgantara Indonesia នៅក្នុងឆ្នាំ ២០២៣ នេះ បន្ទាប់ពីប្រទេសថៃ បានធ្វើការបញ្ជាទិញមួយគ្រឿងរួចទៅហើយ កាលពីឆ្នាំ ២០២២ ។
គួរឱ្យដឹងថា យន្តហោះដែលមានសមត្ថភាពផ្ទុកនាវិកបាន ៨ នាក់ មួយនេះ បានហោះចេញពីអាកាសយនដ្ឋាន Husein Satranegara ក្នុងទីក្រុង Bandung ឆ្ពោះទៅកាន់អាកាសយានដ្ឋាន Pekanbaru ក្នុងខេត្ត Riau របស់ឥណ្ឌូនេស៊ី និងបន្តទៅកាន់ អាកាសយានដ្ឋាន Hatyai របស់ប្រទេសថៃ។ បើតាមប្រភពដដែល បានឱ្យដឹងទៀតថា យន្តហោះនេះ នឹងត្រូវប្រគល់ទៅឱ្យនាយកដ្ឋានផលិតកម្មទឹកភ្លៀង និងអាកាសចរណ៍កសិកម្មថៃ (DRRAA) សម្រាប់បម្រើ ក្នុងគោលបំណងកែប្រែអាកាសធាតុ ។
ជម្រាបជូនទៀតផងដែរថា ក្រុមហ៊ុន PT Dirgantara Indonesia បានផលិតយន្តហោះជាច្រើនប្រភេទរួចមកហើយ ដូចជា CN235 សម្រាប់បម្រើក្នុងការដឹកជញ្ជូនស៊ីវិល ឬយោធា ក៏ដូចជាយន្តហោះឃ្លាំមើលដែនសមុទ្រ និងយន្តហោះឆ្មាំតាមឆ្នេរសមុទ្រ ផងដែរ ។
គួរបញ្ជាក់ថា រហូតមមកដល់ពេលនេះ PTDI ដែលជាក្រុមហ៊ុនផលិតយន្តហោះរបស់ឥណ្ឌូនេស៊ី បានបញ្ជូនយន្តហោះ និងឧទ្ធម្ភាគចក្រចំនួនជិត ៤០០ គ្រឿងរួចមកហើយ ទៅកាន់ទីផ្សារចំនួន ៥០ នៅជុំវិញពិភពលោក ៕