ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោង​ចំណាយ​ថវិកាសរុ​ប​ប្រមា​ណ ១,៣៥ប៊ីលានដុល្លារ ប្រើពេល ៤៨ខែសាងសង់

សង្គម​ និង​សេដ្ឋកិច្ច

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោក វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នៅព្រឹក​ថ្ងៃពុធ ទី៧ ខែមិថុនាស្អែកនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងផ្លូវ​ល្បឿន​​លឿន​ភ្នំពេញ-បាវិត ជាផ្លូវល្បឿនលឿនខ្សែទី២ក្នុងប្រទេសកម្ពុជា បន្ទាប់​ពីផ្លូវល្បឿន​លឿនភ្នំពេញ-ព្រះសីហនុ ដែលដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាល​ពីឆ្នាំ២០២២កន្លងទៅនេះ។ ក្រៅតែពីការបើកការដ្ឋានសាង​សង់​ផ្លូវល្បឿនលឿនទី២ហើយនោះ ក៏ភ្ជាប់ជាមួយនូវការបើកការដ្ឋានសាងសង់​ស្ពាន​ឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពានផងដែរ។

តាមការឲ្យដឹងពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត គ្រោង​ចំណាយ​ថវិកាវិនិយោគសរុ​ប​ប្រមា​ណ ១,៣៥ប៊ីលានដុល្លារអាមេរិក ក្រោមទម្រង់​វិនិយោគសាងសង់-ប្រតិ​បបត្តិការ -ផ្ទេរ​(BOT) ដែលមានរយៈពេលប្រតិបត្តិការចំនួន ៥០ឆ្នាំ ក្នុងនោះ ២០ភាគរយ ជាទុនវិនិ​យោគ​របស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន និង ៨០ភាគរយ ជាប្រាក់កម្ចី​របស់ក្រុមហ៊ុន។

ដោយឡែកស្ពានឆ្លងកាត់​ទន្លេមេគង្គ គ្រោងចំណាយថវិកាសរុបប្រមាណ ២៣២,៥៨​លាន​ដុល្លារអាមេរិក ដែលជាថវិកាវិនិយោគរបស់រាជរដ្ឋាភិបាល រួមជាមួយនឹងថវិកា​បដិ​ភាគសម្រាប់ការបោសសម្អាតគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។ គម្រោងទាំងពីរនេះនឹងអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់​ចិន (CRBC) ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤៨ខែ គ្រោងនឹងបញ្ចប់​នៅក្នុង​អំឡុងឆ្នាំ២០២៧៕

រូបភាព៖ Fresh News