កាលពីថ្ងៃទី ០៦ មិថុនាកន្លងទៅ គណៈកម្មការមូលបត្រអាមេរិក ហៅកាត់ SEC បានដាក់ពាក្យបណ្ដឹងទៅកាន់ក្រុមហ៊ុនជួញដូររូបិយវត្ថុឌីជីថល Coinbase ដោយចោទថា ពួកគេបើកប្រតិបត្តិការក្រុមហ៊ុនដោយខុសច្បាប់ និងមិនបានចុះឈ្មោះជាមួយនិយតករជាមុន។
យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ពាក្យបណ្ដឹងមួយនេះកើតមានឡើង ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពី SEC បានចោទប្រកាន់ក្រុមហ៊ុនជួញដូរ Cryptocurrency ធំបំផុតលើលោក Binance។
នៅក្នុងពាក្យបណ្តឹងដែលដាក់នៅតុលាការសហព័ន្ធ Manhattan SEC បាននិយាយថា ចាប់តាំងពីឆ្នាំ ២០១៩ មក យ៉ាងហោចណាស់ Coinbase រកប្រាក់បានរាប់ពាន់លានដុល្លារ ដោយការគ្រប់គ្រងប្រតិបត្តិការរូបិយប័ណ្ណគ្រីបតូ ប៉ុន្តែគេចវែសមិនបង្ហាញទិន្នន័យទាំងនោះ ក្រោមហេតុផលថាដើម្បីការពារវិនិយោគិន។
បន្ថែមពីនោះ SEC បាននិយាយទៀតថា Coinbase “ដឹងច្បាស់ណាស់” ថាអាជីវកម្មរបស់ខ្លួន គឺស្ថិតនៅក្រោមច្បាប់សន្តិសុខសហព័ន្ធ ប៉ុន្តែមិនអើពើនឹងវា។
ទាក់ទងនឹងបញ្ហាខាងលើ Coinbase មិនបានឆ្លើយតបភ្លាមៗឡើយ ខណៈក្រោយចេញព័ត៌មានមួយនេះ តម្លៃហ៊ុនរបស់ក្រុមហ៊ុនមេ Coinbase Global បានធ្លាក់ចុះរហូតដល់ ១៧,១% នៅលើទីផ្សារហ៊ុន៕