បើទោះជាមានការរំខានជុំវិញការចំណាយរបស់រដ្ឋាភិបាលចិន បន្ទាប់ពីទទួលរងផលប៉ះពាល់ពីវិបត្តិកូវីដ ១៩ ក្ដី ប៉ុន្តែចិននៅតែជាអ្នកផ្ដល់ហិរញ្ញប្បទានដ៏ធំមួយ សម្រាប់បណ្ដាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍។
យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា គិតត្រឹមឆ្នាំ ២០១៩ ចិនជាអ្នកផ្ដល់ហិរញ្ញប្បទានអភិវឌ្ឍធំបំផុតនៅអាស៊ាន ដែលជាដៃគូនាំចេញទំនិញធំបំផុតរបស់ខ្លួន ក៏ព្រោះតែពួកគេក្ដោបក្ដាប់លើការវិនិយោគក្នុងវិស័យអចលនទ្រព្យដ៏ធំ។
ប៉ុន្តែចាប់តាំងពីផ្ទុះជំងឺរាតត្បាតមក ប្រទេសមួយចំនួនបានវ៉ាដាច់ចិន សម្រាប់ការផ្ដល់ប្រាក់កម្ចីដល់បណ្ដាប្រទេសនៅអាស៊ាន។
តួយ៉ាងនៅឆ្នាំ ២០២១ មហាអំណាចសេដ្ឋកិច្ចធំបំផុតទី ២ ផ្ដល់បានត្រឹម ១៤% ប៉ុណ្ណោះសម្រាប់ហិរញ្ញប្បទានអភិវឌ្ឍន៍នៅអាស៊ាន ដែលធ្លាក់ចុះពី ២៤% បើធៀបនឹងឆ្នាំ ២០១៥។
ជំនួយរបស់ចិនក៏ត្រូវបានគេរកឃើញថា ត្រូវបានប្រមូលផ្តុំនៅប្រទេសមួយចំនួន ដូចជាប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី និងថៃ ទទួលបានចំណែកធំបំផុត ខណៈដែលអ្នកផ្តល់ប្រាក់កម្ចីផ្សេងទៀត បានផ្តល់ការគាំទ្រប្រកបដោយតុល្យភាពជាង នៅទូទាំងតំបន់ និងក្នុងតំបន់លើសពីហេដ្ឋារចនាសម្ព័ន្ធ។
យោងតាមរបាយការណ៍បានឱ្យដឹងថា ប្រទេសចិននៅតែជាអ្នកផ្តល់ហិរញ្ញប្បទានផ្នែកហេដ្ឋារចនាសម្ព័ន្ធដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ ដោយបានចំណាយ ៤ពាន់លានដុល្លារក្នុងមួយឆ្នាំនៅចន្លោះឆ្នាំ២០១៥ និង ២០២១ ខណៈដែលប្រទេសជប៉ុនចំណាយ ២,៥ពាន់លានដុល្លារ និងធនាគារពិភពលោកត្រឹមតែជាង ១ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នានេះ៕