អត្រាអតិផរណាឡាវ ស្រុតចុះត្រឹមតែ ១% ប៉ុណ្ណោះ គិតត្រឹមខែឧសភា

អន្តរជាតិ

យោងតាមការិយាល័យស្ថិតិឡាវ បានរាយការណ៍ឱ្យដឹងថា អត្រាអតិផរណានៅក្នុងប្រទេសរបស់ខ្លួន បានធ្លាក់ចុះមកនៅត្រឹម ៣៨,៨៦% នៅក្នុងខែឧសភា ពោលគឺបានធ្លាក់ចុះពីកម្រិត ៣៩,៨៩% នៅក្នុងខែមេសា។ នេះបើតាមការចុះផ្សាយពី VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើទោះបីជាសន្ទស្សន៍អតិផរណារបស់ប្រទេសឡាវ បានធ្លាក់ចុះជាបន្តបន្ទាប់ នៅក្នុងរយ:ពេល ៤ ខែចុងក្រោយនេះក៏ដោយ ប៉ុន្តែវានៅតែជាកម្រិតអតិផរណាដ៏ខ្ពស់មួយ ដែលបណ្តាលឱ្យប្រាក់ចំណូលគ្រួសារបន្តធា្លក់ចុះ និងផ្តល់ផលប៉ះពាល់ខ្លាំងដល់តម្លៃទំនិញប្រើប្រាស់ និងការវិនិយោគ ។

មិនតែប៉ុណ្ណោះ ការបន្តធ្លាក់ចុះនៃតម្លៃប្រាក់គីប ក៏បានរួមចំណែកយ៉ាងសំខាន់ដល់អតិផរណានេះផងដែរ ព្រោះប្រហែលមួយភាគបីនៃទំនិញ ដែលរួមបញ្ចូលក្នុងការគណនាតម្លៃ គឺជាការនាំចូល ។

ជាមួយគ្នានេះ តម្លៃអាហារ និងភេសជ្ជ:គ្មានជាតិអាល់កុល បានកើនឡើង ៥២,៦៩% នៅក្នុងខែឧសភា ខណ:ពេលដែលតម្លៃថ្នាំពេទ្យ និងសេវាថែទាំវេជ្ជសាស្រ្ត បានកើនឡើង ៤០,៧៨% ។ នេះបើតាមការចុះផ្សាយពីកាសែត Vientiane Times ។

យ៉ាងណាមិញ សម្រាប់សេវាកម្មសណ្ឋាគារ និងភោជនីយដ្ឋានវិញ ក៏បានកើនឡើង ៣៧,៤% ផងដែរ ស្របពេលតម្លៃផ្ទះ ទឹក អគ្គិសនី និងហ្គាសវិញ ក៏បានកើនឡើងខ្ពស់ផងដែរ ។

ជុំវិញស្ថានភាពបែបនេះ ធនាគារកណ្តាលរបស់ឡាវ កាលពីថ្ងៃទី ១ ខែមិថុនា កន្លងទៅ បានធ្វើការបង្កើតនាយកដ្ឋានថ្មីមួយ ដើម្បីទទួលបន្ទុកខុសត្រូវ ក្នុងការត្រួតពិនិត្យលំហូររូបិយប័ណ្ណបរទេស និងលើកកម្ពស់ការប្រើប្រាស់ប្រាក់គីប ឱ្យកាន់តែមានភាពទូលំទូលាយ ដើម្បីដោះស្រាយជាមួយនឹងអត្រាអតិផរណាខ្ពស់ ៕