រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលទើបទទួលភារកិច្ចនាពេលថ្មីៗនេះ បានបង្ហាញពីបរិយាកាសអំណោយផលរបស់កម្ពុជាសម្រាប់ធ្វើពាណិជ្ជកម្ម ដល់សហគ្រាសចិន។ ទន្ទឹមនឹងនេះ ក៏បានប្តេជ្ញាបន្តជួយគាំទ្រ និងសហការជាមួយក្រុមហ៊ុនចិន ដើម្បីធ្វើការសិក្សាពីឱកាសវិនិយោគនៅកម្ពុជាផងដែរ។
ថ្លែងក្នុងឱកាសជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូចិន កាលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ លោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលភារ:កិច្ចជួយលើផ្នែកវិនិយោគបរទេស ទំនាក់ទំនងអន្តរជាតិ និងកំណែទម្រង់អភិបាលកិច្ច បានជួបជាមួយនឹងប្រតិភូសហគ្រាសចិន ដែលមានសមាសភាពអ្នកគ្រប់គ្រង និងសមាជិក តំណាងដោយលោក ដាយ យូមីង (Dai Youming) នៃក្រុមហ៊ុន Power China International Group ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងប៉េកាំង ប្រទេសចិន។
ក្នុងជំនួបនោះ លោក ព្រាប កុល បានផ្តល់ការណែនាំអំពីចក្ខុវិស័យនៃរាជរដ្ឋាភិបាលកម្ពុជា ច្បាប់ នីតិវិធី និងស្ថាប័នពាក់ព័ន្ធ ដែលសហគ្រាស ឬក្រុមហ៊ុនបរទេសត្រូវបំពេញ និងអនុវត្តន៍ ក៏ដូចជាអត្ថប្រយោជន៍ផ្សេងៗ ដែលសហគ្រាស និងក្រុមហ៊ុនបរទេសទទួលបានពីការវិនិយោគនៅកម្ពុជា ជាពិសេសកត្តាអំណោយផល និងបរិយាកាសល្អសម្រាប់ការធ្វើពាណិជ្ចកម្ម ដោយសាកម្ពុជាធានាបាននូវស្ថេរភាពនយោបាយ មានហេត្ថារចនាសម្ពន័្ធសមរម្យ និងមានគុណសម្បត្តិសម្រាប់ការប្រកួតប្រជែង។ល។
ក្នុងឱកាសជំនួបពិភាក្សាការងារគណ:ប្រតិភូសហគ្រាសចិន បានសង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តជួយគាំទ្រ និងសហការជាមួយក្រុមហ៊ុន ដើម្បីធ្វើការសិក្សាពីឱកាសវិនិយោគនៅកម្ពុជា រហូតដល់ក្រុមហ៊ុនអាចបោះទុនវិនិយោគដ៏ធំនៅពេលខាងមុខ ដើម្បីចូលរួមចំណែកជួយដល់កំណើនសេដ្ឋកិច្ចនៅកម្ពុជានាពេលអនាគត៕ អត្ថបទ៖ ពិសី