សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យគ្រប់ស្ថាប័នរដ្ឋ ឯកជន និងរោងចក្រសហគ្រាសទាំងអស់ ត្រូវអនុញ្ញាត្តិឱ្យជនពិការចេញមុនម៉ោងដូចស្រ្តីមានផ្ទៃពោះដែរ

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ចាប់ពីពេលនេះទៅ នៅគ្រប់ទីកន្លែងនៅទូទាំងប្រទេស មិនថាស្ថាប័នរដ្ឋ ឯកជន និងបណ្តារោងចក្រ សហគ្រាសទាំងអស់ ដែលមានជនពិការត្រូវអនុញ្ញាត្តិឱ្យជនពិការចេញមុនម៉ោងដូចស្រ្តីមានផ្ទៃពោះដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនី ក្នុងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសអនុញ្ញាឱ្យជនមានពិការភាពនៅតាមរោងចក្រ-សហគ្រាស ចេញមុន១៥នាទីដូចស្ត្រីមានផ្ទៃពោះដែរ។

ដោយសម្តេច បានបញ្ជាក់បន្ថែដូច្នេះថា៖« ខ្ញុំសូមប្រកាសថា ចាប់ពីពេលនេះទៅគ្រប់រោងចក្រសហគ្រាសទាំងអស់ ដែលមានជនពិកាត្រូវអនុញ្ញាតឱ្យចេញមុនម៉ោងរយៈពេល១៥នាទីដូចស្រ្ដីមានផ្ទៃពោះដែរ ព្រោះជនពិការ និងស្រ្តីមានផ្ទៃពោះ គាត់ធ្វើដំណើរពិបាក ចឹងសូមឱ្យពួកគាត់បានចេញមុនម៉ោង ហើយការងារនេះខ្ញុំសូមប្រគល់ឱ្យឯកឧត្តម អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញសេចក្តីប្រកាស»។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសបន្តដាក់ចេញគោលនយោបាយនានា ដើម្បីពង្រីកបន្ថែមលើការអភិវឌ្ឍ និងយកចិត្តទុកដាក់លើវិស័យការងាររបស់កម្មករកម្មការិនីឱ្យកាន់តែប្រសើរឡើង៕

អត្ថបទ៖ ពិសី