បន្ទាប់ពីដំណើរការចរចារបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាត់អារ៉ាប់រួមបានបិទបញ្ចប់ជាផ្លូវការ។ នៅថ្ងៃទី៨ខែមិថុនានេះ ប្រទេសទំាងពីរនឹងធ្វើការចុះហត្ថលេខារួមគ្នានៅវិមានសន្តិភាពក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី។
យោងតាមក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី៧មិថុនាម្សិលមិញបានឱ្យដឹងថា លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និង លោកបណ្ឌិត ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួម បានជួបនិងពិភាក្សាការងារ ដើម្បីពិនិត្យលើលទ្ធភាពក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម និងវិនិយោគ ឱ្យកាន់តែប្រសើរឡើងថែមទៀត។
ក្រសួងគូសបញ្ជាក់ថា ស្របតាមស្មារតីនេះ ភាគីទាំងពីរបានឯកភាពជំរុញការផ្តល់សច្ចាប័ន្នលើកិច្ចព្រមព្រៀងនេះ ដើម្បីវិនិយោគិធុរជន ផលិតករ ពាណិជ្ជករ ក៏ដូចជាអ្នកប្រើប្រាស់នៃភាគីទាំងពីរ អាចច្បាមយកអត្ថប្រយោជន៍សេដ្ឋកិច្ច និងកាលានុវត្តភាពធុរកិច្ចនិងវិនិយោគ ដែលកិច្ចព្រមព្រៀងនេះនឹងផ្តល់ឱ្យនាពេលខាងមុខ៕ អត្ថបទ៖សារេត